19. អើ ឱជនជាតិនៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ ឯងនឹងមិនត្រូវយំទៀតឡើយ ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែកកាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង
20. ហើយទោះបើព្រះអម្ចាស់ ទ្រង់ឲ្យឯងរាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកសេចក្ដីរឹបជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់ឯងមិនត្រូវលាក់ពីឯងទៀត គឺភ្នែកឯងនឹងឃើញពួកគ្រូនោះវិញ
21. ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ
22. នោះឯងរាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់ឯង និងមាសដែលស្រោបរូបសិតឯង ទុកជារបស់ស្មោកគ្រោកវិញ ឯងនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា ចូរចេញឲ្យផុតទៅ។
23. យ៉ាងនោះ ទ្រង់នឹងប្រទានឲ្យមានភ្លៀងធ្លាក់មកសំរាប់ពូជឯង ដើម្បីឲ្យឯងបានសាបព្រោះនៅដី ហើយអាហារជាផលចំរើនពីដី នោះនឹងមានឱជារស ហើយសម្បូរផង នៅគ្រានោះ ហ្វូងសត្វរបស់ឯងនឹងរកស៊ីនៅវាលស្មៅធំទូលាយ
24. ឯគោ និងលាស្ទាវ ដែលភ្ជួររាស់វានឹងបានអាហារស៊ីយ៉ាងឆ្ងាញ់ ដែលគេបានរំសោះដោយចបចូក និងសមធំ
25. ហើយនឹងមានជ្រោះ និងផ្លូវទឹកនៅលើគ្រប់ទាំងភ្នំធំខ្ពស់ និងភ្នំតូចទាំងប៉ុន្មាន គឺក្នុងគ្រាដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងកាលដែលអស់ទាំងប៉មរលំមកនោះ
26. មួយទៀតពន្លឺនៃព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺនៃព្រះអាទិត្យនឹងភ្លឺជាងធម្មតា១ជា៧ គឺដូចជាពន្លឺនៃថ្ងៃ៧រួមមកតែ១ នៅគ្រាដែលព្រះយេហូវ៉ាបានរុំកន្លែងបាក់បែកនៃរាស្ត្រទ្រង់ ហើយប្រោសឲ្យកន្លែងដែលគេត្រូវវាយបានជាវិញ។
27. មើល ព្រះនាមព្រះយេហូវ៉ាមកពីចំងាយ កំពុងតែឆេះ ដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយមានទាំងផ្សែងយ៉ាងក្រាស់ហុយឡើង ព្រះរឹមទ្រង់មានពេញដោយសេចក្ដីគ្នាន់ក្នាញ់ ហើយព្រះជិវ្ហារបស់ទ្រង់ក៏ដូចជាភ្លើងឆេះបន្សុស
28. ឯអស្សាសៈរបស់ទ្រង់ នោះដូចជាផ្លូវទឹកដែលជន់លិចឡើងដល់ត្រឹមក ដើម្បីនឹងរែងអស់ទាំងសាសន៍ ដោយកញ្ច្រែងជាសេចក្ដីវិនាស ហើយនឹងដាក់បង្ហៀរបង្ខាំដែលនាំឲ្យវង្វេង ទៅក្នុងមាត់នៃសាសន៍ទាំងឡាយ
29. នោះឯងរាល់គ្នានឹងច្រៀងចំរៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល
30. ឯព្រះយេហូវ៉ាទ្រង់នឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ និងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រិលផង
31. ដ្បិតដោយសារព្រះសូរសៀងនៃព្រះយេហូវ៉ា នោះសាសន៍អាសស៊ើរនឹងស្រយុតចិត្ត ទ្រង់នឹងវាយគេដោយដំបងរបស់ទ្រង់