1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា វេទនាដល់ពួកកូនចៅដែលរឹងចចេស ជាពួកអ្នកប្រឹក្សាគ្នា តែមិនមែននឹងអញ ហើយតាំងសញ្ញា តែមិនមែនតាមវិញ្ញាណរបស់អញទេ គឺជាការដែលបន្ថែមអំពើបាបទៅលើបាបរបស់គេទៀត
2. គេរៀបចំដំណើរនឹងចុះទៅឯស្រុកអេស៊ីព្ទឥតសួរផ្ទាល់មាត់នឹងអញឡើយ គេគិតចំរើនកំឡាំងដោយពឹងដល់កំឡាំងផារ៉ោន ហើយនឹងជ្រកនៅក្រោមម្លប់នៃស្រុកអេស៊ីព្ទ
3. ដូច្នេះ កំឡាំងរបស់ផារ៉ោននឹងបានជាសេចក្ដីខ្មាសដល់ឯងរាល់គ្នាវិញ ហើយការជ្រកកោនក្រោមម្លប់នៃស្រុកអេស៊ីព្ទ នឹងបានជាសេចក្ដីវិលវល់ដល់ឯងដែរ
4. ដ្បិតពួកចៅហ្វាយរបស់គេសុទ្ធតែនៅក្រុងសូអានហើយ ឯពួករាជទូតរបស់គេក៏បានមកដល់ក្រុងហានេសដែរ
5. គេនឹងមានសេចក្ដីខ្មាសទាំងអស់គ្នា ពីដំណើរសាសន៍នោះ ដែលមិនអាចនឹងមានប្រយោជន៍ដល់គេឡើយ ជាសាសន៍ដែលមិនមែនជាជំនួយ ឬជាប្រយោជន៍សោះ គឺនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំនៀលវិញ។
6. នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីពួកសត្វនៅស្រុកត្បូង គេផ្ទុកទ្រព្យរបស់គេនៅលើខ្នងលាស្ទាវ ហើយផ្ទុកសម្បត្តិរបស់គេ នៅលើបូកសត្វអូដ្ឋ ដឹកនាំកាត់ស្រុកដែលមានសេចក្ដីលំបាក និងសេចក្ដីថប់ព្រួយ ជាទីមានសិង្ហញី សិង្ហឈ្មោល ពស់វែក និងពស់ភ្លើងហោះ ដើម្បីទៅឯសាសន៍មួយ ដែលនឹងគ្មានប្រយោជន៍ដល់គេសោះ
7. ពីព្រោះសាសន៍អេស៊ីព្ទគេជួយជាឥតអំពើ ហើយជាឥតប្រយោជន៍ទទេ ហេតុនោះបានជាអញបានហៅគេថា រ៉ាហាប ជាអ្នកដែលអង្គុយនៅតែស្ងៀម។
8. ចូរទៅឥឡូវ ឲ្យចារឹកសេចក្ដីនេះចុះនៅនឹងបន្ទះថ្ម ហើយកត់ទុកក្នុងសៀវភៅទៅ ដើម្បីនឹងទុកសំរាប់ពេលទៅមុខជារៀងរាបដរាប
9. ដ្បិតជនជាតិនេះគេរឹងចចេស ជាពួកកូនចៅភូតកុហក គឺជាកូនចៅ ដែលមិនព្រមផ្ចង់ចិត្តស្តាប់ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាទេ
10. គេប្រាប់ដល់ពួកមើលឆុតថា កុំឲ្យមើលឡើយ ហើយដល់ពួកហោរាថា កុំឲ្យទាយពីសេចក្ដីទៀងត្រង់ ឲ្យយើងស្តាប់ឲ្យសោះ គឺត្រូវនិយាយពីសេចក្ដីស្រួលបួលវិញ ត្រូវទាយជាសេចក្ដីភូតភរចុះ