6. កាលណាមនុស្សម្នាក់នឹងយកបងប្អូនពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា អ្នកឯងមានសំលៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះនៅក្រោមអំណាចអ្នកចុះ
7. នៅគ្រានោះគេនឹងប្រកែកថា ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ ពីព្រោះនៅផ្ទះខ្ញុំគ្មានអាហារ ឬសំលៀកបំពាក់អ្វីឡើយ អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្តាជនទេ
8. ដ្បិតក្រុងយេរូសាឡិមខ្ទេចខ្ទីហើយ ស្រុកយូដាក៏បានដួលដែរ ដោយព្រោះអណ្តាតគេ ហើយនឹងអំពើរបស់គេ ដែលសុទ្ធតែបង្អុចបង្អាលដល់ព្រះនេត្រដ៏មានសិរីនៃព្រះយេហូវ៉ា
9. ភាពនៃទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេចេញ ដូចជាក្រុងសូដុំម គេមិនខំបិទបាំងទេ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្តអំពើអាក្រក់ដល់ខ្លួនគេហើយ
10. ចូរថ្លែងប្រាប់ថាមនុស្សសុចរិតនឹងបានសេចក្ដីសុខវិញ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត
11. វេទនាដល់មនុស្សអាក្រក់គេនឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះនឹងបានសងដល់គេវិញ
12. ឯរាស្ត្ររបស់អញ គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយគឺជាពួកស្រីៗដែលមានអំណាចត្រួតត្រាលើគេដែរ ឱរាស្ត្ររបស់អញអើយ ពួកអ្នកដែលនាំមុខឯង គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលឯងដើរដែរ។
13. ព្រះយេហូវ៉ាទ្រង់កំពុងឈរ ដើម្បីតវ៉ា ទ្រង់ឈរដើម្បីជំនុំជំរះជនជាតិទាំងឡាយ
14. ព្រះយេហូវ៉ាទ្រង់នឹងកើតមានក្តីនឹងពួកចាស់ទុំនៃរាស្ត្រទ្រង់ ហើយនឹងពួកចៅហ្វាយថា គឺឯងរាល់គ្នាហើយ ដែលបានស៊ីបង្ហិនចំការទំពាំងបាយជូរ ឯរបឹបដែលរឹបជាន់យកពីពួកអ្នកទាល់ក្រ នោះសុទ្ធតែនៅក្នុងផ្ទះឯងទាំងអស់
15. ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលសួរថា តើឯងរាល់គ្នាមានច្បាប់អីនឹងញាំញីរាស្ត្រអញ ហើយបុកបែនមុខរបស់មនុស្សទាល់ក្រដូច្នេះ។
16. មួយទៀត ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះពួកកូនស្រីក្រុងស៊ីយ៉ូនមានឫកខ្ពស់ មានដំណើរងើបងើយ ផាត់រង្វង់ភ្នែក ដើរយាងយាវ ហើយបំភ្លៃជើងឲ្យមានសូររ៉ូងរ៉ឺង
17. ហេតុនេះព្រះអម្ចាស់ ទ្រង់នឹងវាយក្រយៅក្បាលនៃពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម ហើយព្រះយេហូវ៉ាទ្រង់នឹងសំរាតកេរខ្មាសគេ