1. វេទនាដល់អើរាល គឺអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យទាំងខួបៗ រាល់តែឆ្នាំតទៅចុះ
2. នោះអញនឹងធ្វើទុក្ខដល់អើរាល ហើយគេនឹងកើតមានសេចក្ដីសោយសោក និងការយំទួញ ឯទីក្រុងនឹងបានដូចជាជើងក្រាននៃអាសនាដល់អញ
3. អញនឹងបោះទ័ពឡោមព័ទ្ធឯង ព្រមទាំងដាក់ទាហានបង្ខាំងនៅជុំវិញ ហើយចាត់ចែងគ្រឿងចំបាំងច្បាំងនឹងឯង
4. នោះឯងនឹងត្រូវបន្ទាបចុះ ហើយនិយាយចេញពីដីមក សំដីឯងនឹងឮខ្សាវៗមកពីធូលីដី សំឡេងឯងនឹងចេញពីដីមកដូចជាសំឡេងរបស់គ្រូខាប គឺសំដីឯងនឹងឮខ្សឹបចេញពីធូលីដីមកយ៉ាងនោះឯង។
5. ប៉ុន្តែពួកខ្មាំងសត្រូវដ៏មានច្រើនក្រៃលែងរបស់ឯង នឹងដូចជាផង់ធូលីដី ហើយពួកគួរស្ញែងខ្លាចដ៏មានច្រើនក្រៃលែង គេនឹងដូចជាអង្កាមដែលកន្លងបាត់ទៅ អើ ការនោះនឹងកើតមកភ្លាម១រំពេចផង
6. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងធ្វើទោសដល់ទីក្រុងដោយផ្គរ កក្រើកដី សូរគ្រាំគ្រេង ខ្យល់កួច ព្យុះសង្ឃរា និងអណ្តាតភ្លើងដែលឆេះបំផ្លាញ
7. នោះពួកដ៏មានច្រើនក្រៃលែង ពីគ្រប់ទាំងសាសន៍ដែលច្បាំងនឹងអើរាល គឺអស់អ្នកដែលច្បាំងនឹងទីក្រុង ហើយនឹងបន្ទាយផង ជាពួកអ្នកដែលធ្វើទុក្ខដល់ទីក្រុង គេនឹងប្រៀបដូចជាសប្តិ គឺជាការជាក់ស្តែងនៅពេលយប់ទេ
8. នោះនឹងបានដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែលុះភ្ញាក់ឡើង នោះចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេក បានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯពួកដ៏មានច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។
9. ចូរឲ្យអ្នករាល់គ្នានៅជាស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ចូរឲ្យបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ទៅ គេស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ គេទ្រេតទ្រោតទៅ តែមិនមែនដោយគ្រឿងស្រវឹងឡើយ
10. ដ្បិតព្រះយេហូវ៉ាទ្រង់បានចាក់វិញ្ញាណ ដែលបណ្តាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត
11. ការជាក់ស្តែងទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងសៀវភៅ ដែលបិទត្រាហើយ ដល់អ្នករាល់គ្នា ជាសៀវភៅដែលគេជូនដល់ម្នាក់មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះទៅ តែអ្នកនោះឆ្លើយតបថា ខ្ញុំមើលមិនបានទេ ពីព្រោះបិទត្រាហើយ