9. នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ទ្រង់ហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកទ្រង់ដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ទ្រង់នៅលើផែនដី នោះពួកមនុស្សនៅលោកីយ៍ គេរៀនតាមសេចក្ដីសុចរិត
10. បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។
11. ឱព្រះយេហូវ៉ាអើយ ព្រះហស្តទ្រង់បានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ ប៉ុន្តែគេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ទ្រង់ចំពោះបណ្តាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវទ្រង់អស់រលីងទៅ
12. ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងតាំងឲ្យមានសេចក្ដីសុខសំរាប់យើងខ្ញុំ ដ្បិតអស់ទាំងការដែលយើងខ្ញុំធ្វើ នោះគឺជាទ្រង់ដែលបានសំរេចការនោះឲ្យយើងខ្ញុំ
13. ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ពីដើមមានចៅហ្វាយឯទៀតក្រៅពីទ្រង់ បានត្រួតត្រាលើយើងខ្ញុំ តែឥឡូវនេះដោយសារទ្រង់ នោះយើងខ្ញុំនឹងអំពាវនាវដល់តែព្រះនាមទ្រង់វិញ
14. គេបានស្លាប់អស់ហើយ ឥតរស់មកវិញទៀតឡើយ គេកន្លងបង់ហើយ ឥតងើបឡើងវិញទេ ដូច្នេះទ្រង់បានធ្វើទោស ហើយបំផ្លាញគេ ព្រមទាំងធ្វើឲ្យសេចក្ដីនឹកចាំពីគេសូន្យបាត់ទៅ
15. ទ្រង់បានចំរើនសាសន៍នេះ ឱព្រះយេហូវ៉ាអើយ ទ្រង់បានចំរើនសាសន៍នេះហើយ គេលើកដំកើងទ្រង់ឡើង ទ្រង់បានវាតព្រំស្រុកឲ្យធំទូលាយទៅ។
16. ឱព្រះយេហូវ៉ាអើយ ក្នុងគ្រាដែលមានទុក្ខ នោះគេបានរកទ្រង់ គេបានបញ្ចេញពាក្យអធិស្ឋានជាហូរហែក្នុងកាលដែលទ្រង់វាយផ្ចាលគេ
17. ឱព្រះយេហូវ៉ាអើយ ស្ត្រីមានគភ៌ដែលហៀបនឹងសំរាល នាងឈឺចាប់ ហើយស្រែកដោយឈឺជាខ្លាំងយ៉ាងណា ឯយើងខ្ញុំក៏ដូច្នោះ នៅចំពោះទ្រង់ដែរ
18. យើងខ្ញុំក៏បានមានភគ៌ យើងខ្ញុំបានឈឺចាប់ តែបានសំរាលចេញជាខ្យល់ទទេ យើងខ្ញុំមិនបានបង្កើតការជួយចំរើនអ្វីនៅផែនដីសោះ ហើយមនុស្សនៅលោកីយ៍ក៏មិនទាន់ដួលនៅឡើយដែរ។
19. ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត គេនឹងរស់ឡើងវិញជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក។
20. ចូរមក ជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវឲ្យពួនខ្លួនបន្តិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ
21. ដ្បិតមើល ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសំរេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដី នឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសំឡាប់ទៀតឡើយ។