1. នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរក្រុងទីរ៉ុស។នែ ពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ពីព្រោះទីក្រុងឯងត្រូវបំផ្លាញហើយ ទាល់តែគ្មានផ្ទះណាសល់នៅ ឬផ្លូវណាចូលទៅបានឡើយ ដំណឹងនោះបានសំដែងឲ្យគេដឹងនៅត្រង់ស្រុកគីទីម
2. អស់ពួកអ្នកនៅតាមឆ្នេរសមុទ្រ ដែលបានស្បៀងគ្រប់គ្រាន់ ដោយសារពួកឈ្មួញពីក្រុងស៊ីដូន ដែលលក់ដូរតាមផ្លូវសមុទ្រអើយ ចូរស្ងៀមនៅចុះ
3. ទីក្រុងរបស់ឯងបានកំរៃ ដោយសារស្រូវពីស្រុកស៊ីហោរ ជាចំរូតនៃស្រុកក្បែរទន្លេធំ ដែលគេដឹកមកតាមផ្លូវសមុទ្រ ទីក្រុងនោះក៏ជាផ្សារសំរាប់គ្រប់ទាំងសាសន៍
4. ឱក្រុងស៊ីដូនអើយ ចូរមានសេចក្ដីខ្មាសចុះ ដ្បិតសមុទ្របានពោលហើយ គឺទីមាំមួននៃសមុទ្របានថា អញមិនបានឈឺចាប់ ឬសំរាលកូនឡើយ ក៏មិនបានចិញ្ចឹមមនុស្សកំឡោះ ឬស្រីក្រមុំដែរ
5. កាលណាដំណឹងនេះបានឮទៅដល់ស្រុកអេស៊ីព្ទ នោះគេនឹងសោកសៅជាពន្លឹក ដោយសារដំណឹងពីក្រុងទីរ៉ុសនោះ
6. ឱពួកអ្នកនៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំចុះ ហើយឆ្លងទៅឯស្រុកតើស៊ីសទៅ
7. នេះឬ ដែលជាទីក្រុងអរសប្បាយរបស់ឯងរាល់គ្នា ដែលមានកំណើតតាំងពីចាស់បុរាណមក ហើយដែលជើងបាននាំទៅអាស្រ័យនៅឯស្រុកឆ្ងាយនោះ។
8. តើអ្នកណាបានសំរេចនឹងធ្វើការនេះដល់ក្រុងទីរ៉ុស គឺជាក្រុងដែលធ្លាប់បំពាក់មកុដដល់គេ ហើយដែលពួកជំនួញសុទ្ធតែជាចៅហ្វាយ ហើយអ្នកជួញប្រែជាមនុស្សអ្នកធំនៅផែនដីនោះ