អេសាយ 22:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ឱ​ឯង​ដែល​ពេញ​ដោយ​សំរែក ជា​ទី​ក្រុង​អ៊ឹក‌ធឹក​គ្រឹក‌គ្រេង ជា​តំបន់​អរ​សប្បាយ​អើយ ពួក​ឯង​ដែល​ត្រូវ​គេ​សំឡាប់ នោះ​មិន​បាន​ស្លាប់​ដោយ​ដាវ​ទេ ក៏​មិន​បាន​ស្លាប់​ក្នុង​ចំបាំង​ដែរ

3. ពួក​អ្នក​ដែល​គ្រប់‌គ្រង​លើ​ឯង គេ​បាន​រត់​ទៅ​ជា​មួយ​គ្នា តែ​ពួក​ពល​ធ្នូ​ចាប់​ចង​គេ​បាន​ហើយ ពួក​ឯង​ដែល​គេ​រក​ឃើញ ជា​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ឆ្ងាយ​ហើយ នោះ​ក៏​ត្រូវ​គេ​ចាប់​ចង​ជា​មួយ​គ្នា

4. ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា ចូរ​បែរ​មុខ​ពី​ខ្ញុំ​ចេញ ខ្ញុំ​នឹង​យំ​យ៉ាង​ក្រំ​ចិត្ត កុំ​ឲ្យ​ខំ​ជួយ​កំសាន្ត​ទុក្ខ​ខ្ញុំ ពី​ដំណើរ​ពួក​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ត្រូវ​បំផ្លាញ​ឡើយ

5. ដ្បិត​នេះ​ជា​ថ្ងៃ​ចលាចល ថ្ងៃ​ជាន់​ឈ្លី ហើយ​វល់​គំនិត ដែល​មក​ពី​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ត្រង់​ច្រក​ភ្នំ​នៃ​ការ​ជាក់‌ស្តែង គឺ​ជា​ការ​រំលំ‌រំលាយ​កំផែង ហើយ​ជា​ការ​ស្រែក​ឮ​ខ្ទរ​នៅ​ក្នុង​ភ្នំ។

6. ពួក​អេឡាំ ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ គេ​ក៏​មាន​រទេះ​ចំបាំង​ពេញ​ដោយ​មនុស្ស ហើយ​មាន​ពល​សេះ​ផង ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ

7. យ៉ាង​នោះ ច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​ឯង បាន​ពេញ​ដោយ​រទេះ​ចំបាំង ហើយ​ពួក​ពល​សេះ​ក៏​ដំរៀប​គ្នា​នៅ​មាត់​ទ្វារ​ក្រុង

8. គេ​ក៏​បើក​ស្បៃ​របាំង​ចេញ​ពី​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ ឯង​បាន​ទី​ពឹង​ដល់​គ្រឿង​សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់​ព្រៃ

9. ឯង​រាល់​គ្នា​បាន​ឃើញ​កន្លែង​រំលំ‌រំលាយ​នៅ​ក្រុង​ដាវីឌ ថា​មាន​ច្រើន​ណាស់ ឯង​រាល់​គ្នា​បាន​ប្រមូល​ទឹក​នៃ​ស្រះ​ខាង​ក្រោម​ទុក

10. ក៏​បាន​រាប់​ចំនួន​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​រុះ​ផ្ទះ​យក​ថ្ម​ទៅ​ប៉ះ​កំផែង​ក្រុង​ឲ្យ​មាំ‌មួន​ឡើង

11. ឯង​រាល់​គ្នា​បាន​ជីក​ស្រះ​ទឹក នៅ​កណ្តាល​កំផែង​ទាំង​២ សំរាប់​ទឹក​របស់​ស្រះ​ចាស់ ប៉ុន្តែ​ឯង​មិន​បាន​ពឹង‌ពាក់​ដល់​ព្រះ​ដែល​ទ្រង់​ធ្វើ​ការ​ទាំង​នេះ ឬ​ផ្អែក​ដល់​ទ្រង់​ដែល​បាន​សំរេច​ការ​នេះ​ជា​យូរ​មក​ហើយ នោះ​ទេ។

12. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ហៅ​ឯង​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ

13. តែ​មើល មាន​សុទ្ធ​តែ​អំណរ ហើយ​រីក‌រាយ​វិញ ជា​ការ​សំឡាប់​គោ និង​ចៀម ស៊ី​សាច់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដោយ​ពោល​ថា ចូរ​យើង​ស៊ី​ហើយ​ផឹក​ទៅ ដ្បិត​នៅ​ថ្ងៃ​ស្អែក​នេះ​យើង​ត្រូវ​ស្លាប់​ហើយ

14. នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​បើក​សំដែង​អង្គ​ទ្រង់​នៅ​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​សេចក្ដី​ទុច្ចរិត​នេះ នឹង​មិន​បាន​អត់​ទោស​ឲ្យ​ឯង​រាល់​គ្នា​ឡើយ ដរាប​ដល់​ឯង​រាល់​គ្នា​ស្លាប់​បង់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

15. ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​រក​អ្នក​ឧកញ៉ា​នោះ​ចុះ គឺ​សេបណា ដែល​ត្រួត‌ត្រា​លើ​ព្រះ‌រាជ‌ដំណាក់ ហើយ​សួរ​ថា

អេសាយ 22