អេសាយ 22:13-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. តែ​មើល មាន​សុទ្ធ​តែ​អំណរ ហើយ​រីក‌រាយ​វិញ ជា​ការ​សំឡាប់​គោ និង​ចៀម ស៊ី​សាច់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដោយ​ពោល​ថា ចូរ​យើង​ស៊ី​ហើយ​ផឹក​ទៅ ដ្បិត​នៅ​ថ្ងៃ​ស្អែក​នេះ​យើង​ត្រូវ​ស្លាប់​ហើយ

14. នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​បើក​សំដែង​អង្គ​ទ្រង់​នៅ​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​សេចក្ដី​ទុច្ចរិត​នេះ នឹង​មិន​បាន​អត់​ទោស​ឲ្យ​ឯង​រាល់​គ្នា​ឡើយ ដរាប​ដល់​ឯង​រាល់​គ្នា​ស្លាប់​បង់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

15. ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​រក​អ្នក​ឧកញ៉ា​នោះ​ចុះ គឺ​សេបណា ដែល​ត្រួត‌ត្រា​លើ​ព្រះ‌រាជ‌ដំណាក់ ហើយ​សួរ​ថា

16. ឯង​មាន​ការ​អ្វី​នៅ​ទី​នេះ តើ​មាន​ញាតិ‌សន្តាន​ណា​នៅ​ទី​នេះ បាន​ជា​ឯង​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​ដូច្នេះ ដូច​ជា​អ្នក​ណា​ដែល​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សំរាប់​ខ្លួន​នៅ​ក្នុង​ថ្ម

17. មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បោះ​ឯង​ចោល​ទៅ​ដោយ​កំឡាំង អើ ទ្រង់​នឹង​រុំ​ឯង​យ៉ាង​ជិត

18. ទ្រង់​នឹង​រុំ​ឆ្វាក់​ឯង​ជា​ពិត ហើយ​បោះ​ឯង​ទៅ​ក្នុង​ស្រុក​១​ធំ​ទូលាយ ដូច​ជា​គេ​បោះ​របុំ​អំបោះ ឯង​នឹង​ស្លាប់​នៅ​ទី​នោះ​វិញ គឺ​នៅ​ទី​នោះ ដែល​នឹង​មាន​រទេះ​ដ៏​រុងរឿង​របស់​ឯង ឱ​អ្នក​ដែល​នាំ​ឲ្យ​ព្រះ‌រាជ‌វង្ស​នៃ​ចៅ‌ហ្វាយ​ខ្លួន​មាន​សេចក្ដី​ខ្មាស​អើយ

19. អញ​នឹង​បណ្តេញ​ឯង​ពី​ដំណែង​ចេញ ហើយ​ឯង​នឹង​ត្រូវ​ទំលាក់​ចុះ​ពី​ការ‌ងារ​ទៅ

20. នៅ​គ្រា​នោះ អញ​នឹង​ហៅ​អេលា‌គីម​ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​បំរើ​របស់​អញ​មក

21. ហើយ​នឹង​យក​អាវ​យស​របស់​ឯង​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កំឡាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​ឯង​ផង អញ​នឹង​ប្រគល់​អំណាច​ត្រួត‌ត្រា​របស់​ឯង ទៅ​ក្នុង​កណ្តាប់​ដៃ​គាត់ នោះ​គាត់​នឹង​ធ្វើ​ជា​ឪពុក ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ពូជ‌ពង្ស​យូដា​ដែរ

22. អញ​នឹង​យក​កូន​សោ​នៃ​វង្ស​ដាវីឌ ដាក់​លើ​ស្មា​គាត់ នោះ​គាត់​នឹង​បើក​ឥត​មាន​អ្នក​ណា​បិទ​បាន​ឡើយ ក៏​នឹង​បិទ​ទៅ ឥត​មាន​អ្នក​ណា​បើក​បាន​ដែរ

អេសាយ 22