9. មនុស្សធម្មតាបានឱនចុះ ឯពួកអ្នកធំបានបន្ទាបខ្លួនហើយ ដូច្នេះ សូមកុំឲ្យអត់ទោសដល់គេឡើយ។
10. ចូរឲ្យចូលទៅក្នុងរូងថ្ម ហើយពួនខ្លួននៅក្នុងធូលីដីចុះ ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា ហើយពីសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់
11. ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបង្អោនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង
12. ដ្បិតនឹងមានថ្ងៃ១របស់ព្រះយេហូវ៉ានៃពួកពលបរិវារមកលើគ្រប់ទាំងឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ព្រមទាំងលើគ្រប់ទាំងអស់ដែលបានលើកឡើងផង ហើយនោះនឹងត្រូវបន្ទាបចុះវិញ
13. គឺមកលើអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូន ដែលខ្ពស់ ហើយដំកើងឡើង និងលើគ្រប់ទាំងដើមម៉ៃសាក់ នៅស្រុកបាសានដែរ
14. មកលើអស់ទាំងភ្នំខ្ពស់ និងភ្នំតូចៗដែលបានដំកើងឡើង
15. មកលើអស់ទាំងប៉មយ៉ាងខ្ពស់ និងកំផែងមានគ្រឿងចំបាំង
16. និងលើអស់ទាំងនាវាស្រុកតើស៊ីស ហើយលើអ្វីៗទាំងអស់ដែលគាប់ដល់ភ្នែកដែរ
17. នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្អោនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង
18. អស់ទាំងរូបព្រះនឹងសាបសូន្យបាត់ទៅអស់រលីង
19. ឯមនុស្ស គេនឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងពីសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ គឺក្នុងកាលដែលទ្រង់ក្រោកឡើង ដើម្បីនឹងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ
20. នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះរបស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសំរាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ ហើយនឹងប្រចៀវ
21. ដើម្បីនឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ ក្នុងកាលដែលទ្រង់ក្រោកឡើងនឹងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ
22. ចូរលែងទុកចិត្តដល់មនុស្សដែលមានតែដង្ហើមចេញចូលតាមរន្ធច្រមុះទៅ ដ្បិតតើនឹងពឹងដល់គេឯណាបាន។