1. នេះសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកអេស៊ីព្ទ។ មើល ព្រះយេហូវ៉ាទ្រង់គង់លើពពកយ៉ាងលឿនយាងមកឯស្រុកអេស៊ីព្ទ អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទនឹងញាប់ញ័រនៅចំពោះទ្រង់ ហើយចិត្តពួកសាសន៍អេស៊ីព្ទនឹងរលត់ទៅនៅក្នុងខ្លួនគេ
2. អញក៏នឹងញុះញង់ពួកសាសន៍អេស៊ីព្ទឲ្យទាស់ទែងនឹងគ្នាឯងដែរ គេនឹងច្បាំងគ្នានឹងគ្នា គឺបងប្អូននឹងបងប្អូន ពួកអ្នកជិតខាងនឹងអ្នកជិតខាង ទីក្រុង១នឹងទីក្រុង១ទៀត ហើយនគរ១នឹងនគរ១ទៀតដែរ
3. គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្តាលគេ ហើយអញនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ
4. ហើយអញនឹងប្រគល់សាសន៍អេស៊ីព្ទទៅក្នុងកណ្តាប់ដៃនៃម្ចាស់១យ៉ាងសាហាវ ជាស្តេចគួរស្ញែងខ្លាចដែលនឹងសោយរាជ្យលើគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ។
5. ឯទឹកក្នុងសមុទ្រ នោះនឹងរីងស្ងួតទៅ ហើយទន្លេនឹងជ្រាបបាត់ទៅជាហួតហែងវិញ
6. ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ ហើយព្រែកទាំងពួងនៃស្រុកអេស៊ីព្ទនឹងអន់ថយ ហើយរីងស្ងួតទៅ ឯដើមបបុស និងដើមត្រែងនឹងស្វិតក្រៀម
7. បណ្តាវាលតាមទន្លេ ហើយនៅមាត់ច្រាំង និងស្រែទាំងប៉ុន្មានដែលគេសាបព្រោះតាមមាត់ទន្លេ នោះនឹងក្រៀម ហើយផាត់បាត់ទៅ
8. ពួកអ្នកនេសាទនឹងថ្ងូរស្តាយ ឯពួកអ្នកដែលបោះសន្ទូចក្នុងទន្លេ នឹងស្រណោះស្រណោក ហើយពួកអ្នកដែលបង់សំណាញ់នៅលើទឹក គេនឹងរីងរៃទៅ
9. ១ទៀតពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត ហើយពួកដែលត្បាញសំពត់ស គេនឹងត្រូវស្រឡាំងកាំង
10. គោលចារឹកទាំងប៉ុន្មាននៃស្រុកនឹងត្រូវរលាយខ្ទេចទៅ ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។