អេសាយ 14:7-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ផែនដី​ទាំង​មូល​បាន​ស្រាក‌ស្រាន្ត​អស់​ហើយ ក៏​ស្ងៀម‌ស្ងប់​ដែរ គេ​ទំលាយ​សំឡេង​ច្រៀង​ចេញ​មក

8. អើ ទាំង​ដើម​កកោះ​ក៏​រីក‌រាយ​ចំពោះ​ឯង និង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​ឯង​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ

9. ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោម មាន​សេចក្ដី​រំជួល​ដោយ​ព្រោះ​ឯង គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន ក្រោក​ពី​បល្ល័ង្ក​របស់​គេ

10. គេ​នឹង​និយាយ​រចល់​មក​ឯង​គ្រប់​គ្នា​ថា អុញ​ន៏ ឯង​បាន​ទៅ​ជា​ខ្សោយ​ដូច​យើង​ឬ បាន​ត្រឡប់​ដូច​ជា​យើង​ដែរ​ឬ

11. ឯ​សេចក្ដី​រុងរឿង​ឧត្តម​របស់​ឯង បាន​ត្រូវ​នាំ​ចុះ​មក​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រម​ទាំង​សូរ​ដេញ​ពិណ​របស់​ឯង​ផង មាន​ដង្កូវ​ក្រាល​ក្រោម​ឯង ហើយ​នឹង​មាន​ដង្កូវ​គ្រប​ដណ្តប់​ឯង​ដែរ។

12. ឱ​តារា​ប្រចាំ​ថ្ងៃ ជា​ផ្កាយ​ព្រឹក​អើយ ន៏ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បាន​ផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎

13. ឯង​បាន​គិត​ក្នុង​ចិត្ត​ថា អញ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ អញ​នឹង​ដំកើង​បល្ល័ង្ក​អញ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​អញ​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង

14. អញ​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក អញ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត

15. តែ​ឯង​បាន​ត្រូវ​ទំលាក់​ចុះ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​ដល់​ទី​ជំរៅ​នៃ​ជង្ហុក​ធំ

16. ពួក​អ្នក​ដែល​ឃើញ​ឯង គេ​នឹង​សំឡឹង​មើល​ចំ​ឯង ហើយ​ពិចារណា​ឯង​ដោយ​ពាក្យ​ថា តើ​មនុស្ស​នេះ​ឬ​អី ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើក​រំពើក​នោះ

អេសាយ 14