5. ព្រះយេហូវ៉ាទ្រង់បានបំបាក់ដំបងរបស់មនុស្សអាក្រក់ និងដំបងពេជ្រនៃអ្នកគ្រប់គ្រងហើយ
6. ជាអ្នកដែលបានវាយជនជាតិទាំងឡាយ ដោយចិត្តក្រេវក្រោធជានិច្ច ហើយបានគ្រប់គ្រងលើអស់ទាំងសាសន៍ដោយសេចក្ដីកំហឹង ជាការញាំញីដែលឥតមានអ្នកណាឃាត់ឃាំងឡើយ
7. ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ គេទំលាយសំឡេងច្រៀងចេញមក
8. អើ ទាំងដើមកកោះក៏រីករាយចំពោះឯង និងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីឯងត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ
9. ឯស្ថានឃុំព្រលឹងមនុស្សស្លាប់នៅខាងក្រោម មានសេចក្ដីរំជួលដោយព្រោះឯង គឺទាំងពួកអ្នកធំនៅផែនដីផង ក៏បានឲ្យអស់ទាំងស្តេចនៃសាសន៍ទាំងប៉ុន្មាន ក្រោកពីបល្ល័ង្ករបស់គេ
10. គេនឹងនិយាយរចល់មកឯងគ្រប់គ្នាថា អុញន៏ ឯងបានទៅជាខ្សោយដូចយើងឬ បានត្រឡប់ដូចជាយើងដែរឬ
11. ឯសេចក្ដីរុងរឿងឧត្តមរបស់ឯង បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់ឯងផង មានដង្កូវក្រាលក្រោមឯង ហើយនឹងមានដង្កូវគ្របដណ្តប់ឯងដែរ។
12. ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន៏ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎
13. ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង
14. អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត
15. តែឯងបានត្រូវទំលាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជំរៅនៃជង្ហុកធំ
16. ពួកអ្នកដែលឃើញឯង គេនឹងសំឡឹងមើលចំឯង ហើយពិចារណាឯងដោយពាក្យថា តើមនុស្សនេះឬអី ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើកនោះ
17. ជាអ្នកដែលបានធ្វើឲ្យលោកីយ៍រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ
18. ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន
19. តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែកដែលគួរខ្ពើមវិញ គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសំឡាប់ ជាអ្នកដែលត្រូវគេចាក់ទំលុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង