អេសាយ 14:4-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. នោះ​ឯង​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ី‌ឡូន​ថា យី​អើ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎

5. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំបាក់​ដំបង​របស់​មនុស្ស​អាក្រក់ និង​ដំបង​ពេជ្រ​នៃ​អ្នក​គ្រប់‌គ្រង​ហើយ

6. ជា​អ្នក​ដែល​បាន​វាយ​ជន‌ជាតិ​ទាំង‌ឡាយ ដោយ​ចិត្ត​ក្រេវ‌ក្រោធ​ជានិច្ច ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​កំហឹង ជា​ការ​ញាំ‌ញី​ដែល​ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ

7. ផែនដី​ទាំង​មូល​បាន​ស្រាក‌ស្រាន្ត​អស់​ហើយ ក៏​ស្ងៀម‌ស្ងប់​ដែរ គេ​ទំលាយ​សំឡេង​ច្រៀង​ចេញ​មក

8. អើ ទាំង​ដើម​កកោះ​ក៏​រីក‌រាយ​ចំពោះ​ឯង និង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​ឯង​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ

9. ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោម មាន​សេចក្ដី​រំជួល​ដោយ​ព្រោះ​ឯង គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន ក្រោក​ពី​បល្ល័ង្ក​របស់​គេ

10. គេ​នឹង​និយាយ​រចល់​មក​ឯង​គ្រប់​គ្នា​ថា អុញ​ន៏ ឯង​បាន​ទៅ​ជា​ខ្សោយ​ដូច​យើង​ឬ បាន​ត្រឡប់​ដូច​ជា​យើង​ដែរ​ឬ

11. ឯ​សេចក្ដី​រុងរឿង​ឧត្តម​របស់​ឯង បាន​ត្រូវ​នាំ​ចុះ​មក​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រម​ទាំង​សូរ​ដេញ​ពិណ​របស់​ឯង​ផង មាន​ដង្កូវ​ក្រាល​ក្រោម​ឯង ហើយ​នឹង​មាន​ដង្កូវ​គ្រប​ដណ្តប់​ឯង​ដែរ។

12. ឱ​តារា​ប្រចាំ​ថ្ងៃ ជា​ផ្កាយ​ព្រឹក​អើយ ន៏ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បាន​ផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎

13. ឯង​បាន​គិត​ក្នុង​ចិត្ត​ថា អញ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ អញ​នឹង​ដំកើង​បល្ល័ង្ក​អញ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​អញ​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង

14. អញ​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក អញ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត

15. តែ​ឯង​បាន​ត្រូវ​ទំលាក់​ចុះ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​ដល់​ទី​ជំរៅ​នៃ​ជង្ហុក​ធំ

16. ពួក​អ្នក​ដែល​ឃើញ​ឯង គេ​នឹង​សំឡឹង​មើល​ចំ​ឯង ហើយ​ពិចារណា​ឯង​ដោយ​ពាក្យ​ថា តើ​មនុស្ស​នេះ​ឬ​អី ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើក​រំពើក​នោះ

17. ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយ៍​រលីង​ដូច​ជា​សមុទ្រ​ខ្សាច់ ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ឥត​ដែល​លែង​ពួក​ឈ្លើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ​ឡើយ

18. ឯ​សព​នៃ​អស់​ទាំង​ស្តេច​របស់​សាសន៍​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ដេក​នៅ​ក្នុង​ទី​រុងរឿង​នា​ម៉ុង​របស់​គេ​រៀង​ខ្លួន

19. តែ​ឯង​បាន​ត្រូវ​បោះ​ចោល​ចេញ​ឆ្ងាយ​ពី​ម៉ុង​ឯង​ទៅ ដូច​ជា​មែក​ដែល​គួរ​ខ្ពើម​វិញ គឺ​ដូច​ជា​អាវ​របស់​មនុស្ស​ដែល​ត្រូវ​គេ​សំឡាប់ ជា​អ្នក​ដែល​ត្រូវ​គេ​ចាក់​ទំលុះ​ដោយ​ដាវ ហើយ​ក៏​ចុះ​ទៅ​ដល់​ថ្ម​នៅ​ក្នុង​រណ្តៅ ដូច​ជា​ខ្មោច​ដែល​គេ​ជាន់​ឈ្លី​ដោយ​ជើង

20. ឯង​នឹង​មិន​បាន​មូល​ទៅ​ជា​មួយ​នឹង​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​ឯង​បាន​បំផ្លាញ​ស្រុក​របស់​ឯង ហើយ​បាន​សំឡាប់​ប្រជា‌ជន​របស់​ឯង​ផង ឯ​ពូជ​នៃ​មនុស្ស​អាក្រក់ នឹង​ឥត​មាន​អ្នក​ណា​ចេញ​ឈ្មោះ​គេ​នៅ​អស់‌កល្ប‌ជានិច្ច។

21. ចូរ​ចាត់‌ចែង​ការ​សំឡាប់​ពួក​កូន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឪពុក​វា ដើម្បី​កុំ​ឲ្យ​វា​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ម្ចាស់​ផែនដី​ទៀត ហើយ​សង់​ទី​ក្រុង​ឲ្យ​ពេញ‌ពាស​ក្នុង​លោកីយ៍​ឡើយ

22. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ និង​សំណល់​មនុស្ស ទាំង​កូន និង​ចៅ ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

អេសាយ 14