17. ជាអ្នកដែលបានធ្វើឲ្យលោកីយ៍រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ
18. ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន
19. តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែកដែលគួរខ្ពើមវិញ គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសំឡាប់ ជាអ្នកដែលត្រូវគេចាក់ទំលុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង
20. ឯងនឹងមិនបានមូលទៅជាមួយនឹងគេនៅក្នុងផ្នូរទេ ពីព្រោះឯងបានបំផ្លាញស្រុករបស់ឯង ហើយបានសំឡាប់ប្រជាជនរបស់ឯងផង ឯពូជនៃមនុស្សអាក្រក់ នឹងឥតមានអ្នកណាចេញឈ្មោះគេនៅអស់កល្បជានិច្ច។
21. ចូរចាត់ចែងការសំឡាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយ៍ឡើយ
22. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អញនឹងក្រោកឡើងទាស់នឹងគេ ហើយកាត់ទាំងឈ្មោះ និងសំណល់មនុស្ស ទាំងកូន និងចៅ ចេញពីក្រុងបាប៊ីឡូនផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
23. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អញនឹងបំផ្លាស់ទីនោះឲ្យទៅជាលំនៅរបស់សត្វប្រមា ហើយជាត្រពាំងទឹក អញក៏នឹងបោសដោយអំបោសជាការបំផ្លាញ។
24. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថថា ពិតប្រាកដជានឹងកើតមានដូចជាអញបានគិតហើយ ក៏នឹងសំរេចដូចជាអញបានកំណត់ទុកផង
25. គឺអញនឹងបំបាក់ទ័ពពួកអាសស៊ើរ ដែលនៅក្នុងស្រុកអញ ហើយនឹងជាន់ឈ្លីគេនៅលើភ្នំរបស់អញ គ្រានោះ នឹមរបស់គេនឹងបាត់ទៅ ហើយបន្ទុករបស់គេនឹងបាត់ពីស្មាចេញ
26. នេះហើយជាការ ដែលបានសំរេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹងទៅលើនគរទាំងពួង
27. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានសំរេចនឹងធ្វើហើយ តើអ្នកណានឹងរំលប់រំលាងបាន ព្រះហស្តនៃទ្រង់បានលូកទៅហើយ តើអ្នកណានឹងបង្វិលឲ្យត្រឡប់ទៅវិញបាន។
28. នៅឆ្នាំដែលស្តេចអេហាសសុគតទៅ នោះមានសេចក្ដីទំនាយយ៉ាងធ្ងន់នេះ
29. គឺថា នែ ពួកភីលីស្ទីនអើយ កុំឲ្យរីករាយពេញល្បុង ដោយព្រោះរំពាត់ដែលធ្លាប់វាយឯងបានចាក់ហើយនោះឡើយ ដ្បិតនឹងកើតមានពស់វែកចេញពីពូជសត្វពស់មក ហើយកូនរបស់វានឹងទៅជាពស់ភ្លើងហោះ
30. នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រនឹងមានអាហារបរិភោគ ហើយមនុស្សកំសត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែអញនឹងធ្វើឲ្យពូជពង្សឯងស្លាប់ទៅដោយអំណត់អត់វិញ ហើយសំណល់នៃឯងនឹងត្រូវគេសំឡាប់បង់
31. ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរយំពិលាបចុះ ឱស្រុកភីលីស្ទីនអើយ ឯងត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ
32. ដូច្នេះ តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះយ៉ាងណាទៅ គឺត្រូវថា ព្រះយេហូវ៉ាទ្រង់បានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួករាស្ត្ររបស់ទ្រង់ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។