12. ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន៏ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎
13. ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង
14. អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត
15. តែឯងបានត្រូវទំលាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជំរៅនៃជង្ហុកធំ
16. ពួកអ្នកដែលឃើញឯង គេនឹងសំឡឹងមើលចំឯង ហើយពិចារណាឯងដោយពាក្យថា តើមនុស្សនេះឬអី ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើកនោះ
17. ជាអ្នកដែលបានធ្វើឲ្យលោកីយ៍រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ
18. ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន
19. តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែកដែលគួរខ្ពើមវិញ គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសំឡាប់ ជាអ្នកដែលត្រូវគេចាក់ទំលុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង
20. ឯងនឹងមិនបានមូលទៅជាមួយនឹងគេនៅក្នុងផ្នូរទេ ពីព្រោះឯងបានបំផ្លាញស្រុករបស់ឯង ហើយបានសំឡាប់ប្រជាជនរបស់ឯងផង ឯពូជនៃមនុស្សអាក្រក់ នឹងឥតមានអ្នកណាចេញឈ្មោះគេនៅអស់កល្បជានិច្ច។
21. ចូរចាត់ចែងការសំឡាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយ៍ឡើយ