11. អញនឹងធ្វើទោសដល់លោកីយ៍ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេផង អញនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់
12. អញនឹងធ្វើឲ្យកម្រមានមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្ស១នាក់កម្រមាន ជាជាងមាសពីស្រុកអូភារទៅទៀត
13. ដូច្នេះ អញនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
14. នោះគេនឹងបានដូចជាប្រើសដែលត្រូវគេប្រដេញ ហើយដូចជាហ្វូងចៀមដែលឥតមានអ្នកគង្វាល គ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា
15. ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទំលុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ
16. កូនង៉ែតរបស់គេនឹងត្រូវបោកខ្ទេចខ្ទីនៅចំពោះភ្នែក ផ្ទះគេនឹងត្រូវរឹបជាន់ ឯប្រពន្ធគេ នឹងត្រូវកំហែងចិត្ត។
17. មើល អញនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាសាសន៍ដែលមិនរាប់អានប្រាក់ សូម្បីតែមាសក៏មិនមានចិត្តរីករាយដែរ
18. ឯធ្នូរបស់សាសន៍នោះនឹងផ្តួលពួកកំឡោះៗអស់រលីងទៅ គេនឹងឥតមានមេត្តាចំពោះផលកើតពីផ្ទៃឡើយ ភ្នែកគេមិនចេះប្រណីដល់ពួកក្មេងៗដែរ
19. នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាទីលំអនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុំម និងក្រុងកូម៉ូរ៉ាបង់
20. ក្រុងនោះនឹងគ្មានអ្នកណានៅតទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ ទោះទាំងសាសន៍អារ៉ាប់ គេក៏មិនដំឡើងត្រសាលនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងសត្វរបស់គេទៅដេកនៅទីនោះដែរ
21. គឺនឹងមានតែសត្វដែលនៅទីរហោស្ថានបានដេកនៅទីនោះវិញ ឯផ្ទះគេនឹងមានពេញដោយសំឡេងសត្វយំ សត្វអូសទ្រីចនឹងអាស្រ័យនៅ ហើយពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ