1. នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ដែលអេសាយ ជាកូនអ័ម៉ូស បានឃើញពីស្រុកបាប៊ីឡូន។
2. ចូរលើកទង់១សំរាប់ឯងរាល់គ្នា នៅលើភ្នំត្រងិលចុះ ចូរបន្លឺសំឡេងឡើង ហើយបោយដៃហៅ ដើម្បីឲ្យគេបានចូលទៅ តាមទ្វាររបស់ពួកមនុស្សដ៏មានត្រកូលខ្ពស់
3. អញបានបង្គាប់ដល់ពួកបរិសុទ្ធរបស់អញ អើ អញបានហៅពួកខ្លាំងពូកែរបស់អញ សំរាប់នឹងសំរេចសេចក្ដីកំហឹងរបស់អញ គឺជាពួកអ្នកដែលមានសេចក្ដីអំណរចំពោះសេចក្ដីខ្ពង់ខ្ពស់របស់អញ
4. មានឮសូរគឹកកងរបស់មនុស្សកកកុញនៅលើភ្នំ គឺជាសូរដូចជាប្រជាជាតិយ៉ាងធំ ជាសូរអ៊ឹកធឹករបស់នគរនៃសាសន៍ទាំងប៉ុន្មានប្រជុំគ្នា គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់កំពុងតែត្រួតត្រាមើលពលទ័ពសំរាប់ចូលច្បាំង
5. គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា ហើយនឹងគ្រឿងអាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូលទៅ។
6. ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដល់ទុកជាការបំផ្លាញដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា
7. ដោយហេតុនោះបានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំង អស់នឹងរលត់ទៅ
8. គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់ និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសំរាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ
9. មើលថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ និងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ
10. ពីព្រោះអស់ទាំងផ្កាយនៅលើមេឃ និងផ្កាយចក្ររាសី នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ
11. អញនឹងធ្វើទោសដល់លោកីយ៍ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេផង អញនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់