9. វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ
10. នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសំរាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។
11. នៅគ្រានោះព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
12. ទ្រង់នឹងលើកទង់១ឡើងសំរាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាសនៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដាមកពីទិសទាំង៤នៃផែនដី
13. ឯសេចក្ដីច្រណែនរបស់ពួកអេប្រាអិម នោះនឹងបាត់ទៅ ហើយអស់អ្នកក្នុងពួកយូដាដែលធ្វើទុក្ខគេ នឹងត្រូវកាត់ចេញ ពួកអេប្រាអិមនឹងលែងមានសេចក្ដីច្រណែនចំពោះពួកយូដា ហើយពួកយូដានឹងលែងធ្វើទុក្ខដល់ពួកអេប្រាអិម
14. គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មាសាសន៍ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដំម និងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ
15. ព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញដៃសមុទ្រអេស៊ីព្ទអស់រលីង ហើយនឹងលើកព្រះហស្តទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ទ្រង់ ទៅវាយទន្លេឲ្យបែកជា៧ផ្លូវ ដើម្បីឲ្យមនុស្សដែលពាក់ស្បែកជើងដើរឆ្លងទៅបាន
16. ហើយនឹងមានថ្នល់១សំរាប់ពួកសំណល់នៃរាស្ត្រទ្រង់ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសំរាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។