1. មានលំពង់១នឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែក១ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ
2. ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញា និងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា
3. អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ
4. គឺនឹងជំនុំជំរះពួកទ័លក្រ ដោយសេចក្ដីសុចរិត ហើយសំរេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង
5. សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះរបស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កំឡាំងផង។
6. នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា
7. គោញី និងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ
8. កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន
9. វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ
10. នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសំរាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។
11. នៅគ្រានោះព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
12. ទ្រង់នឹងលើកទង់១ឡើងសំរាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាសនៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដាមកពីទិសទាំង៤នៃផែនដី