8. ដ្បិតគេថា ឯចៅហ្វាយរបស់អញទាំងប៉ុន្មាន តើមិនមែនជាស្តេចគ្រប់គ្នាទេឬអី
9. ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬអី ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬអី
10. ដៃអញបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់នៅក្រុងយេរូសាឡិម និងក្រុងសាម៉ារីទៅហើយ
11. ចុះតើអញនឹងមិនធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដែរទេឬអី។
12. ព្រោះហេតុនោះ កាលណាអញ ជាព្រះអម្ចាស់បានសំរេចគ្រប់ទាំងការរបស់អញ នៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមហើយ នោះអញនឹងធ្វើទោសដល់ស្តេចអាសស៊ើរ ដោយព្រោះការ ដែលសេចក្ដីអំនួតរបស់គេបានធ្វើ ហើយដល់សេចក្ដីអង់អាចនៃឫកខ្ពស់របស់គេដែរ។
13. ដ្បិតគេបានថា យើងបានធ្វើការនេះដោយកំឡាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទំលាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់
14. ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសំបុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកំរើកស្លាប ឬហាមាត់ ឬស្រែកចេចចាចឡើយ។
15. ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬអី តើរណារនឹងដំកើងខ្លួនចំពោះអ្នកដែលអារដែរឬ នេះឧបមាដូចជារំពាត់ដែលនឹងយារអ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង
16. ព្រោះហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់សេចក្ដីស្គមស្គាំងទៅកណ្តាល ពួកធាត់ៗរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ
17. ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសំរាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្តាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយបន្សុសពួកបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែ១
18. ព្រមទាំងធ្វើឲ្យលំអនៃព្រៃ និងចំការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹង និងរូបកាយរបស់គេផង នោះនឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ
19. ឯសំណល់ដើមឈើ ដែលសល់នៅក្នុងព្រៃរបស់គេ នោះនឹងបានតិចណាស់ ដល់ម៉្លេះបានជាកូនក្មេងនឹងអាចកត់ទុកបាន។
20. នៅថ្ងៃនោះ សំណល់ពួកសាសន៍អ៊ីស្រាអែល និងអស់អ្នកក្នុងពូជពង្សយ៉ាកុបដែលបានរួចខ្លួនមក គេនឹងលែងពឹងផ្អែកលើមនុស្សដែលបានវាយគេតទៅ ហើយនឹងផ្អែកលើព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដោយពិតត្រង់វិញ
21. ឯពួកដែលសល់ គឺជាសំណល់នៃពួកយ៉ាកុប គេនឹងត្រឡប់មកឯព្រះដ៏មានព្រះចេស្តាវិញ
22. ឱអ៊ីស្រាអែលអើយ ទោះបើជនជាតិឯងបានដូចជាខ្សាច់នៅសមុទ្រក៏ដោយ គង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលមកវិញ ដ្បិតបានសំរេចឲ្យមានការបំផ្លាញ ដោយសេចក្ដីសុចរិតដ៏លើសលន់
23. ពីព្រោះព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្តាលស្រុកទាំងមូល ដូចជាបានសំរេចហើយ។
24. ដូច្នេះ ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ឱរាស្ត្រអញ ដែលអាស្រ័យនៅក្រុងស៊ីយ៉ូនអើយ កុំឲ្យខ្លាចចំពោះសាសន៍អាសស៊ើរនោះឡើយ ទោះបីគេវាយឯងដោយរំពាត់ ហើយលើកដំបងខ្លួនឡើងទាស់នឹងឯង ដូចយ៉ាងសាសន៍អេស៊ីព្ទក៏ដោយ
25. ដ្បិតនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសំរេច ហើយសេចក្ដីកំហឹងរបស់អញ នឹងបែរទៅជាបំផ្លាញដល់គេវិញ
26. ព្រះយេហូវ៉ា នៃពួកពលបរិវារទ្រង់នឹងពន្យុះរំពាត់១មកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ទ្រង់នឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ