អេសាយ 10:6-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​១ ដែល​ទមិល​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១​ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​អញ ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង

7. ប៉ុន្តែ​គេ​មិន​យល់​ដូច្នោះ​ទេ ហើយ​ចិត្ត​គេ​ក៏​មិន​គិត​ឃើញ​ដល់​ម៉្លោះ​ដែរ គឺ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ ក៏​ចង់​កាត់​នគរ​ជា​ច្រើន ឲ្យ​សូន្យ​ចេញ មិន​តិច​ឡើយ

8. ដ្បិត​គេ​ថា ឯ​ចៅ‌ហ្វាយ​របស់​អញ​ទាំង​ប៉ុន្មាន តើ​មិន​មែន​ជា​ស្តេច​គ្រប់​គ្នា​ទេ​ឬ​អី

9. ឯ​ក្រុង​កាលនរ តើ​មិន​មែន​ដូច​ជា​ក្រុង​កើកេមីស​ទេ​ឬ​អី ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ ហើយ​ក្រុង​សាម៉ារី តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ​អី

10. ដៃ​អញ​បាន​លូក​ទៅ​ចាប់​យក​អស់​ទាំង​នគរ ដែល​គោរព​ដល់​រូប​ព្រះ ជា​ស្រុក​ដែល​មាន​រូប​ឆ្លាក់​វិសេស​ជាង​រូប​ឆ្លាក់​នៅ​ក្រុង​យេរូ‌សាឡិម និង​ក្រុង​សាម៉ារី​ទៅ​ហើយ

11. ចុះ​តើ​អញ​នឹង​មិន​ធ្វើ​ដល់​ក្រុង​យេរូ‌សាឡិម និង​រូប​ព្រះ​របស់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​សាម៉ារី និង​រូប​ព្រះ​របស់​គេ​ដែរ​ទេ​ឬ​អី។

12. ព្រោះ​ហេតុ​នោះ កាល​ណា​អញ ជា​ព្រះ‌អម្ចាស់​បាន​សំរេច​គ្រប់​ទាំង​ការ​របស់​អញ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ស្តេច​អាស‌ស៊ើរ ដោយ​ព្រោះ​ការ ដែល​សេចក្ដី​អំនួត​របស់​គេ​បាន​ធ្វើ ហើយ​ដល់​សេចក្ដី​អង់‌អាច​នៃ​ឫក​ខ្ពស់​របស់​គេ​ដែរ។

13. ដ្បិត​គេ​បាន​ថា យើង​បាន​ធ្វើ​ការ​នេះ​ដោយ​កំឡាំង​ដៃ​យើង ហើយ​ដោយ​ប្រាជ្ញា​របស់​យើង​ដែរ ដោយ​យើង​មាន​យោបល់​ពិត យើង​បាន​ដក​ព្រំ‌ដែន​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ចោល ក៏​បាន​រឹប​យក​ទ្រព្យ‌សម្បត្តិ​គេ ហើយ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន គឺ​បាន​ទំលាក់​ស្តេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​បង់

14. ដៃ​យើង​យក​បាន​ទ្រព្យ‌សម្បត្តិ​នៃ​អស់​ទាំង​សាសន៍ ដូច​ជា​យក​បាន​សំបុក​សត្វ ក៏​ដូច​ជា​ប្រមូល​ពង​សត្វ ដែល​មេ​ចោល​ហើយ ជា​យ៉ាង​ណា យើង​ក៏​បាន​ប្រមូល​រួប‌រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរ ឥត​មាន​ណា​មួយ​កំរើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែក​ចេច‌ចាច​ឡើយ។

15. ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ​អី តើ​រណារ​នឹង​ដំកើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ​អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង

16. ព្រោះ​ហេតុ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ចាត់​សេចក្ដី​ស្គម‌ស្គាំង​ទៅ​កណ្តាល ពួក​ធាត់ៗ​របស់​គេ ហើយ​នៅ​ក្រោម​សិរី‌ល្អ​របស់​គេ នោះ​នឹង​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ

17. ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​នឹង​បាន​សំរាប់​ជា​ភ្លើង ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ​ជា​អណ្តាត​ភ្លើង ភ្លើង​នោះ​នឹង​ឆេះ​ឡើង ហើយ​បន្សុស​ពួក​បន្លា និង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​១

18. ព្រម​ទាំង​ធ្វើ​ឲ្យ​លំអ​នៃ​ព្រៃ និង​ចំការ​ដុះ‌ដាល​របស់​គេ​សាប‌សូន្យ​ទៅ ទាំង​ព្រលឹង និង​រូប​កាយ​របស់​គេ​ផង នោះ​នឹង​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺ ដែល​នាំ​ឲ្យ​ខ្លួន​រីងរៃ​ស្លាប់​ទៅ

19. ឯ​សំណល់​ដើម​ឈើ ដែល​សល់​នៅ​ក្នុង​ព្រៃ​របស់​គេ នោះ​នឹង​បាន​តិច​ណាស់ ដល់​ម៉្លេះ​បាន​ជា​កូន​ក្មេង​នឹង​អាច​កត់​ទុក​បាន។

អេសាយ 10