24. ដូច្នេះ ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ឱរាស្ត្រអញ ដែលអាស្រ័យនៅក្រុងស៊ីយ៉ូនអើយ កុំឲ្យខ្លាចចំពោះសាសន៍អាសស៊ើរនោះឡើយ ទោះបីគេវាយឯងដោយរំពាត់ ហើយលើកដំបងខ្លួនឡើងទាស់នឹងឯង ដូចយ៉ាងសាសន៍អេស៊ីព្ទក៏ដោយ
25. ដ្បិតនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសំរេច ហើយសេចក្ដីកំហឹងរបស់អញ នឹងបែរទៅជាបំផ្លាញដល់គេវិញ
26. ព្រះយេហូវ៉ា នៃពួកពលបរិវារទ្រង់នឹងពន្យុះរំពាត់១មកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ទ្រង់នឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ
27. នៅថ្ងៃនោះបន្ទុកដែលគេដាក់លើឯងនឹងបាត់ចេញពីស្មាឯងទៅ ហើយនឹមដែលគេដាក់លើឯង នឹងបាត់ចេញពីកឯងដែរ ឯនឹមនោះនឹងត្រូវបំផ្លាញ ដោយព្រោះពិធីលាបប្រេង។
28. គេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ
29. គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ
30. ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាន៉ាថោតអើយ គួរអាណិតឯងណាស់ហ្ន៎
31. ពួកម៉ាតមេណាបានរត់រួចទៅហើយ ឯពួកកេប៊ីមក៏កំពុងតែរត់ដែរ
32. នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម
33. មើល ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងផ្តាច់មែកឈើ ដោយសេចក្ដីស្ញែងខ្លាច នោះពួកដែលមានកំពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅទីខ្ពស់ នឹងត្រូវបន្ទាបវិញ
34. ទ្រង់នឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព។