អេសាយ 10:18-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ព្រម​ទាំង​ធ្វើ​ឲ្យ​លំអ​នៃ​ព្រៃ និង​ចំការ​ដុះ‌ដាល​របស់​គេ​សាប‌សូន្យ​ទៅ ទាំង​ព្រលឹង និង​រូប​កាយ​របស់​គេ​ផង នោះ​នឹង​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺ ដែល​នាំ​ឲ្យ​ខ្លួន​រីងរៃ​ស្លាប់​ទៅ

19. ឯ​សំណល់​ដើម​ឈើ ដែល​សល់​នៅ​ក្នុង​ព្រៃ​របស់​គេ នោះ​នឹង​បាន​តិច​ណាស់ ដល់​ម៉្លេះ​បាន​ជា​កូន​ក្មេង​នឹង​អាច​កត់​ទុក​បាន។

20. នៅ​ថ្ងៃ​នោះ សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ក្នុង​ពូជ‌ពង្ស​យ៉ាកុប​ដែល​បាន​រួច​ខ្លួន​មក គេ​នឹង​លែង​ពឹង​ផ្អែក​លើ​មនុស្ស​ដែល​បាន​វាយ​គេ​ត​ទៅ ហើយ​នឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដោយ​ពិត​ត្រង់​វិញ

21. ឯ​ពួក​ដែល​សល់ គឺ​ជា​សំណល់​នៃ​ពួក​យ៉ាកុប គេ​នឹង​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​វិញ

22. ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​ជន‌ជាតិ​ឯង​បាន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​មាន​តែ​សំណល់​ប៉ុណ្ណោះ​ដែល​មក​វិញ ដ្បិត​បាន​សំរេច​ឲ្យ​មាន​ការ​បំផ្លាញ ដោយ​សេចក្ដី​សុចរិត​ដ៏​លើស‌លន់

23. ពី​ព្រោះ​ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​បង្ហើយ​ការ​បំផ្លាញ​សព្វ​គ្រប់​នៅ​កណ្តាល​ស្រុក​ទាំង​មូល ដូច​ជា​បាន​សំរេច​ហើយ។

24. ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​រាស្ត្រ​អញ ដែល​អាស្រ័យ​នៅ​ក្រុង​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ខ្លាច​ចំពោះ​សាសន៍​អាស‌ស៊ើរ​នោះ​ឡើយ ទោះ‌បី​គេ​វាយ​ឯង​ដោយ​រំពាត់ ហើយ​លើក​ដំបង​ខ្លួន​ឡើង​ទាស់​នឹង​ឯង ដូច​យ៉ាង​សាសន៍​អេស៊ីព្ទ​ក៏​ដោយ

25. ដ្បិត​នៅ​តែ​បន្តិច​ទៀត សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​បាន​សំរេច ហើយ​សេចក្ដី​កំហឹង​របស់​អញ នឹង​បែរ​ទៅ​ជា​បំផ្លាញ​ដល់​គេ​វិញ

26. ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ពន្យុះ​រំពាត់​១​មក​ទាស់​នឹង​គេ បែប​ដូច​ជា​កាល​ប្រហារ​ជីវិត​សាសន៍​ម៉ាឌាន​នៅ​ត្រង់​ថ្ម​អូរិប ទ្រង់​នឹង​យារ​ដំបង​ពី​លើ​ទឹក​សមុទ្រ ដូច​យ៉ាង​របៀប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ

27. នៅ​ថ្ងៃ​នោះ​បន្ទុក​ដែល​គេ​ដាក់​លើ​ឯង​នឹង​បាត់​ចេញ​ពី​ស្មា​ឯង​ទៅ ហើយ​នឹម​ដែល​គេ​ដាក់​លើ​ឯង នឹង​បាត់​ចេញ​ពី​ក​ឯង​ដែរ ឯ​នឹម​នោះ​នឹង​ត្រូវ​បំផ្លាញ ដោយ​ព្រោះ​ពិធី​លាប​ប្រេង។

28. គេ​បាន​ឡើង​មក​ដល់​អៃយ៉ាត គេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីក‌ម៉ាស​ហើយ

29. គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គីបៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ

30. ឱ​កូន​ស្រី​នៃ​ក្រុង​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ឱ​ពួក​ក្រុង​ឡាអ៊ីស​អើយ ចូរ​ស្តាប់​ចុះ ឱ​ពួក​ក្រុង​អាន៉ា‌ថោត​អើយ គួរ​អាណិត​ឯង​ណាស់​ហ្ន៎

អេសាយ 10