1. វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ
2. ដើម្បីនឹងបង្វែរពួកកំសត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួករាស្ត្ររបស់អញ ឲ្យតែបានពួកស្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
3. តើឯងរាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើឯងរាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់ឯងទុកនៅឯណា
4. នៅគ្រានោះ ឯងនឹងបានតែកន្លែងឱនចុះ នៅកណ្តាលពួកឈ្លើយប៉ុណ្ណោះ ហើយនឹងត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នក ដែលត្រូវគេសំឡាប់ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
5. វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្ដីកំហឹងរបស់អញ ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់អញ
6. អញនឹងចាត់គេឲ្យទៅទាស់នឹងនគរ១ ដែលទមិលល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ដែលត្រូវសេចក្ដីក្រោធរបស់អញ ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង
7. ប៉ុន្តែគេមិនយល់ដូច្នោះទេ ហើយចិត្តគេក៏មិនគិតឃើញដល់ម៉្លោះដែរ គឺមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់នគរជាច្រើន ឲ្យសូន្យចេញ មិនតិចឡើយ
8. ដ្បិតគេថា ឯចៅហ្វាយរបស់អញទាំងប៉ុន្មាន តើមិនមែនជាស្តេចគ្រប់គ្នាទេឬអី
9. ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬអី ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬអី
10. ដៃអញបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់នៅក្រុងយេរូសាឡិម និងក្រុងសាម៉ារីទៅហើយ