15. កាលណាឯងរាល់គ្នាប្រទូលដៃឡើង នោះអញនឹងបែរភ្នែកពីឯងចេញ អើ បើកាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្តាប់ឡើយ ដ្បិតដៃឯងរាល់គ្នាប្រឡាក់ពេញដោយឈាម
16. ចូរលាងចេញ ចូរជំរះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តពីចំពោះភ្នែកអញចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅ
17. ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្សដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្រីមេម៉ាយចុះ។
18. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ
19. បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ
20. តែបើឯងមិនព្រមវិញ ហើយបះបោរផង នោះឯងនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឱស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
21. ទីក្រុងស្មោះត្រង់បានក្បត់ជាសំផឹងដូច្នេះដែរហ្ន៎ គឺទីក្រុងដែលបានពេញដោយសេចក្ដីយុត្តិធម៌ ហើយមានសេចក្ដីសុចរិតអាស្រ័យនៅក្នុងនោះដែរ តែឥឡូវនេះ មានសុទ្ធតែពួកអ្នកកាប់សំឡាប់វិញ
22. ប្រាក់របស់ឯងបានត្រឡប់ទៅជាអាចម៍ប្រាក់ទៅហើយ ឯស្រាទំពាំងបាយជូររបស់ឯង ក៏លាយដោយទឹកដែរ
23. ពួកមេរបស់ឯងជាពួកអ្នកបះបោរ ហើយជាភឿនមិត្រនឹងពួកចោរ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយក៏មិនដែលមកដល់គេដែរ។
24. ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តា នៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា អា៎ អញនឹងដោះពួកតតាំងនឹងអញចេញឲ្យធូរខ្លួនវិញ អញនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ
25. អញនឹងលូកដៃទៅលើឯងទៀត ហើយនឹងសំអាតមន្ទិលសៅហ្មងរបស់ឯងចេញឲ្យស្អាត ព្រមទាំងដេញកំចាត់គ្រឿងលាយក្នុងចិត្តឯងផង
26. រួចអញនឹងតាំងពួកចៅក្រមរបស់ឯងឡើងដូចដើមវិញ ហើយពួកក្រុមប្រឹក្សារបស់ឯង ដូចកាលជាន់មុនដែរ ពីនោះតទៅ គេនឹងហៅឯងជា «ទីក្រុងមានសេចក្ដីសុចរិត គឺជាទីដែលស្មោះត្រង់» វិញ
27. ក្រុងស៊ីយ៉ូននឹងបានលោះចេញដោយសារសេចក្ដីយុត្តិធម៌ ហើយពួកអ្នកក្រុងដែលវិលមកវិញ នោះនឹងរួចដោយសារសេចក្ដីសុចរិត
28. តែឯពួកអ្នករំលង និងពួកមានបាប គេនឹងត្រូវបំផ្លាញជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ា គេនឹងត្រូវវិនាសទៅ
29. ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ដែលឯងរាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយឯងរាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលឯងរាល់គ្នាបានរើសយកនោះ