11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យញ្ញបូជាដ៏មានច្រើនម៉្លេះរបស់ឯងរាល់គ្នា តើជាអ្វីដល់អញ អញធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់នៃសត្វបំប៉ន ដែលឯងដុតថ្វាយណាស់ អញក៏មិនចូលចិត្ត ចំពោះឈាមនៃគោឈ្មោល ឬកូនចៀម ឬពពែនោះទេ
12. កាលណាឯងរាល់គ្នាលេចមកនៅចំពោះអញ នោះតើអ្នកណាបានបង្គាប់ឲ្យឯងរាល់គ្នាធ្វើដូច្នេះ ដើម្បីឲ្យបានចូលមកជាន់ទីលានរបស់អញនេះ
13. កុំឲ្យយកដង្វាយដ៏ឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់អញ ឯបុណ្យចូលខែ និងថ្ងៃឈប់សំរាក ព្រមទាំងការប្រជុំជំនុំ នោះអញទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ
14. ចិត្តអញស្អប់ចំពោះបុណ្យចូលខែ និងបុណ្យមានកំណត់ទាំងប៉ុន្មានរបស់ឯងរាល់គ្នាណាស់ ពិធីទាំងនោះជាបន្ទុកសង្កត់លើអញជាខ្លាំង អញក៏នឿយណាយ ដោយទ្រាំចំពោះការទាំងនោះ
15. កាលណាឯងរាល់គ្នាប្រទូលដៃឡើង នោះអញនឹងបែរភ្នែកពីឯងចេញ អើ បើកាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្តាប់ឡើយ ដ្បិតដៃឯងរាល់គ្នាប្រឡាក់ពេញដោយឈាម
16. ចូរលាងចេញ ចូរជំរះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តពីចំពោះភ្នែកអញចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅ
17. ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្សដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្រីមេម៉ាយចុះ។
18. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ
19. បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ
20. តែបើឯងមិនព្រមវិញ ហើយបះបោរផង នោះឯងនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឱស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
21. ទីក្រុងស្មោះត្រង់បានក្បត់ជាសំផឹងដូច្នេះដែរហ្ន៎ គឺទីក្រុងដែលបានពេញដោយសេចក្ដីយុត្តិធម៌ ហើយមានសេចក្ដីសុចរិតអាស្រ័យនៅក្នុងនោះដែរ តែឥឡូវនេះ មានសុទ្ធតែពួកអ្នកកាប់សំឡាប់វិញ
22. ប្រាក់របស់ឯងបានត្រឡប់ទៅជាអាចម៍ប្រាក់ទៅហើយ ឯស្រាទំពាំងបាយជូររបស់ឯង ក៏លាយដោយទឹកដែរ
23. ពួកមេរបស់ឯងជាពួកអ្នកបះបោរ ហើយជាភឿនមិត្រនឹងពួកចោរ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយក៏មិនដែលមកដល់គេដែរ។
24. ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តា នៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា អា៎ អញនឹងដោះពួកតតាំងនឹងអញចេញឲ្យធូរខ្លួនវិញ អញនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ