1. នេះជាការជាក់ស្តែងដែលអេសាយ ជាកូនអ័ម៉ូសបានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស ហើយនឹងហេសេគា ជាស្តេចស្រុកយូដា។
2. ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយថា អញបានចិញ្ចឹមបីបាច់រក្សាកូន តែវារាល់គ្នាបានបះបោរនឹងអញវិញ
3. ឯគោវាស្គាល់ម្ចាស់ ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ រាស្ត្រអញមិនពិចារណាទេ
4. ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ
5. ឯងរាល់គ្នាចង់ត្រូវរំពាត់ទៀតធ្វើអី បានជាចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ គ្រប់ទាំងក្បាលក៏ឈឺ គ្រប់ទាំងចិត្តបានល្វើយផងហើយ
6. ចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាល នោះឥតមានកន្លែងណាមាំមួនឡើយ គឺមានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មី ឥតបានបិទភ្ជិត ឬរុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ
7. ស្រុករបស់ឯងរាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងឯងក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់ឯង នៅចំពោះឯងផង ហើយដីនោះត្រូវចោលស្ងាត់ដោយពួកសាសន៍ដទៃបំផ្លាញ
8. កូនស្រីរបស់ក្រុងស៊ីយ៉ូន នាងត្រូវលះចោលដូចជាបង្ហាដែលនៅចំការទំពាំងបាយជូរ ដូចជាជំរំនៅចំការត្រសក់ ដូចជាទីក្រុង ដែលត្រូវខ្មាំងឡោមព័ទ្ធហើយ
9. បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួចនៅ នោះយើងរាល់គ្នានឹងបានដូចជាក្រុងសូដុំម ហើយដូចក្រុងកូម៉ូរ៉ាដែរ។
10. ឱពួកគ្រប់គ្រងលើក្រុងសូដុំមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ម្នាលពួកក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្តាប់ក្រឹត្យវិន័យរបស់ព្រះនៃយើងរាល់គ្នាចុះ
11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យញ្ញបូជាដ៏មានច្រើនម៉្លេះរបស់ឯងរាល់គ្នា តើជាអ្វីដល់អញ អញធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់នៃសត្វបំប៉ន ដែលឯងដុតថ្វាយណាស់ អញក៏មិនចូលចិត្ត ចំពោះឈាមនៃគោឈ្មោល ឬកូនចៀម ឬពពែនោះទេ