អេសាយ 1:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ការ​ជាក់‌ស្តែង​ដែល​អេសាយ ជា​កូន​អ័ម៉ូស​បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស ហើយ​នឹង​ហេសេគា ជា​ស្តេច​ស្រុក​យូដា។

2. ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា អញ​បាន​ចិញ្ចឹម​បី‌បាច់‌រក្សា​កូន តែ​វា​រាល់​គ្នា​បាន​បះ‌បោរ​នឹង​អញ​វិញ

3. ឯ​គោ​វា​ស្គាល់​ម្ចាស់ ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ​អ៊ីស្រា‌អែល​មិន​ស្គាល់​សោះ រាស្ត្រ​អញ​មិន​ពិចារណា​ទេ

4. ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ

5. ឯង​រាល់​គ្នា​ចង់​ត្រូវ​រំពាត់​ទៀត​ធ្វើ​អី បាន​ជា​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ គ្រប់​ទាំង​ក្បាល​ក៏​ឈឺ គ្រប់​ទាំង​ចិត្ត​បាន​ល្វើយ​ផង​ហើយ

6. ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស និង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ

7. ស្រុក​របស់​ឯង​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ ទី​ក្រុង​ឯង​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​ឯង នៅ​ចំពោះ​ឯង​ផង ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់​ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ

8. កូន​ស្រី​របស់​ក្រុង​ស៊ីយ៉ូន នាង​ត្រូវ​លះ​ចោល​ដូច​ជា​បង្ហា​ដែល​នៅ​ចំការ​ទំពាំង‌បាយ‌ជូរ ដូច​ជា​ជំរំ​នៅ​ចំការ​ត្រសក់ ដូច​ជា​ទី​ក្រុង ដែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ហើយ

9. បើ‌សិន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច​នៅ នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។

10. ឱ​ពួក​គ្រប់‌គ្រង​លើ​ក្រុង​សូដុំម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ

អេសាយ 1