5. ដោយពាក្យថា តើដល់កាលណាបានផុតពីថ្ងៃបុណ្យចូលខែទៅ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយនឹងថ្ងៃឈប់សំរាកដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី ព្រមទាំងធ្វើបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចឆបំបាត់ដោយជញ្ជីងមិនត្រឹមត្រូវ
6. ប្រយោជន៍ឲ្យបានទិញមនុស្សក្រីក្រដោយប្រាក់ និងមនុស្សកំសត់ទុគ៌ត ដោយស្បែកជើង១សំរាប់ ព្រមទាំងលក់សំដីស្រូវផង ចូរស្តាប់សេចក្តីនេះចុះ
7. ព្រះយេហូវ៉ាទ្រង់បានស្បថដោយសិរីល្អនៃយ៉ាកុបថា ពិតប្រាកដជាអញនឹងមិនដែលភ្លេចអំពើរបស់គេណា១ឡើយ
8. ដោយហេតុទាំងនោះ តើស្រុកមិនញាប់ញ័រទេឬអី ហើយគ្រប់ទាំងមនុស្សនៅក្នុងស្រុក តើមិនសោយសោកឬ អើស្រុកនេះទាំងមូលនឹងឡើងលិចដូចទន្លេធំ នឹងចំរើនដី ហើយស្រោចស្រព រួចស្រកទៅវិញ ដូចជាទន្លេនៃស្រុកអេស៊ីព្ទ
9. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងធ្វើឲ្យព្រះអាទិត្យលិចទៅ នៅពេលថ្ងៃត្រង់ ឲ្យផែនដីបានទៅជាងងឹត កំពុងដែលមេឃនៅស្រឡះផង
10. អញនឹងធ្វើបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នាទៅជាការយំសោក ហើយឲ្យបទចំរៀងរបស់ឯងរាល់គ្នាទៅជាពាក្យទំនួញវិញ អញនឹងធ្វើឲ្យគ្រប់ទាំងចង្កេះបានស្លៀកដោយសំពត់ធ្មៃ ហើយគ្រប់ទាំងក្បាលបានត្រងោលផង អញនឹងធ្វើឲ្យមានការយំសោក ដូចជាការយំសោកនឹងកូនតែមួយ ឯចុងបំផុតនៃការនោះនឹងត្រូវជាថ្ងៃយ៉ាងល្វីង។
11. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ
12. គេនឹងដើរចុះឡើងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ហើយពីទិសខាងជើងរហូតដល់ទិសខាងកើត គេនឹងរត់ច្រវាត់ខំរកព្រះបន្ទូលនៃព្រះយេហូវ៉ា តែនឹងមិនប្រទះឡើយ
13. នៅថ្ងៃនោះ ពួកក្រមុំៗយ៉ាងល្អ និងពួកកំឡោះៗនឹងល្វើយទៅដោយស្រេក
14. ពួកអ្នកដែលស្បថដោយអំពើបាបរបស់សាម៉ារី ដោយថា «ដូចជាព្រះឯងរស់នៅ ឱដាន់អើយ»ហើយថា «ដូចជាផ្លូវប្រព្រឹត្តនៃបៀរ-សេបាបានរស់នៅ»ដែរ ពួកទាំងនោះនឹងដួល ឥតក្រោកឡើងវិញឡើយ។