5. កុំឲ្យរកដល់បេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឲ្យរំលងទៅដល់បៀរ-សេបាដែរ ពីព្រោះគីលកាលនឹងត្រូវទៅជាឈ្លើយពិត ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ
6. ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ ក្រែងទ្រង់កាត់ឆេះឡើង ដូចជាភ្លើងនៅក្នុងវង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល ដែលអាចនឹងពន្លត់បានឡើយ
7. ម្នាលឯងរាល់គ្នាដែលបំផ្លាស់បំប្រែសេចក្តីយុត្តិធម៌ ឲ្យទៅជាស្លែង ហើយបោះសេចក្តីសុចរិតចុះដល់ដី
8. ចូរស្វែងរកព្រះដែលទ្រង់បានបង្កើតផ្កាយកូនមាន់ និងផ្កាយនាយព្រាន ក៏ធ្វើឲ្យម្លប់នៃសេចក្តីស្លាប់ប្រែទៅជាព្រលឹមស្រាង ហើយឲ្យថ្ងៃត្រឡប់ទៅជាយប់វិញ ព្រមទាំងហៅទឹកសមុទ្រមក រួចចាក់ទៅលើផែនដី ព្រះនាមទ្រង់ គឺព្រះយេហូវ៉ា
9. ទ្រង់នាំការបំផ្លាញមកលើមនុស្សខ្លាំងពូកែភ្លាម១រំពេច ដល់ម៉្លេះបានជាទាំងបន្ទាយក៏ត្រូវបំផ្លាញផង។
10. គេរមែងស្អប់អ្នក ដែលបន្ទោសនៅត្រង់ទ្វារក្រុង ហើយក៏តែងតែខ្ពើមអ្នក ដែលពោលសេចក្តីទៀងទ្រង់ផង
11. ដូច្នេះ ដោយព្រោះឯងរាល់គ្នាតែងញាំញីពួកក្រ ហើយរឹបយកស្រូវពីគេ បានជាឯងរាល់គ្នានឹងសង់ផ្ទះដោយថ្មដាប់ តែមិនបានអាស្រ័យនៅក្នុងផ្ទះនោះទេ ឯងរាល់គ្នានឹងដាំចំការទំពាំងបាយជូរដ៏គាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីនោះឡើយ
12. ដ្បិតអញដឹងហើយថា អំពើរំលងរបស់ឯងរាល់គ្នាមានសន្ធឹកណាស់ ហើយអំពើបាបរបស់ឯងរាល់គ្នាមានសន្ធឹកណាស់ ហើយអំពើបាបរបស់ឯងរាល់គ្នាក៏មានទំងន់ពេកផង គឺឯងរាល់គ្នាហើយ ជាពួកអ្នកដែលបៀតបៀនមនុស្សសុចរិត ហើយស៊ីសំណូក ព្រមទាំងបង្វែរមនុស្សកំសត់ទុគ៌តមិនឲ្យបានសំរេចតាមអំណាចច្បាប់
13. ហេតុនោះ មនុស្សដែលមានគំនិតវាងវៃ នឹងស្ងៀមនៅ ក្នុងគ្រាយ៉ាងនេះ ដ្បិតជាគ្រាអាក្រក់ហើយ។
14. ចូរស្វែងរកសេចក្តីល្អ កុំរកសេចក្តីអាក្រក់ឡើយ ដើម្បីឲ្យឯងរាល់គ្នាបានរស់នៅ យ៉ាងនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងគង់នៅជាមួយនឹងឯងជាពិតដូចឯងធ្លាប់ថាហើយ