10. គេរមែងស្អប់អ្នក ដែលបន្ទោសនៅត្រង់ទ្វារក្រុង ហើយក៏តែងតែខ្ពើមអ្នក ដែលពោលសេចក្តីទៀងទ្រង់ផង
11. ដូច្នេះ ដោយព្រោះឯងរាល់គ្នាតែងញាំញីពួកក្រ ហើយរឹបយកស្រូវពីគេ បានជាឯងរាល់គ្នានឹងសង់ផ្ទះដោយថ្មដាប់ តែមិនបានអាស្រ័យនៅក្នុងផ្ទះនោះទេ ឯងរាល់គ្នានឹងដាំចំការទំពាំងបាយជូរដ៏គាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីនោះឡើយ
12. ដ្បិតអញដឹងហើយថា អំពើរំលងរបស់ឯងរាល់គ្នាមានសន្ធឹកណាស់ ហើយអំពើបាបរបស់ឯងរាល់គ្នាមានសន្ធឹកណាស់ ហើយអំពើបាបរបស់ឯងរាល់គ្នាក៏មានទំងន់ពេកផង គឺឯងរាល់គ្នាហើយ ជាពួកអ្នកដែលបៀតបៀនមនុស្សសុចរិត ហើយស៊ីសំណូក ព្រមទាំងបង្វែរមនុស្សកំសត់ទុគ៌តមិនឲ្យបានសំរេចតាមអំណាចច្បាប់
13. ហេតុនោះ មនុស្សដែលមានគំនិតវាងវៃ នឹងស្ងៀមនៅ ក្នុងគ្រាយ៉ាងនេះ ដ្បិតជាគ្រាអាក្រក់ហើយ។
14. ចូរស្វែងរកសេចក្តីល្អ កុំរកសេចក្តីអាក្រក់ឡើយ ដើម្បីឲ្យឯងរាល់គ្នាបានរស់នៅ យ៉ាងនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងគង់នៅជាមួយនឹងឯងជាពិតដូចឯងធ្លាប់ថាហើយ
15. ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ ចូរតាំងឲ្យមានសេចក្តីយុត្តិធម៌នៅត្រង់ទ្វារក្រុងចុះ នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងប្រព្រឹត្តដល់សំណល់នៃពួកយ៉ូសែប ដោយករុណាគុណទេដឹង។
16. ហេតុនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលដូច្នេះថា មនុស្សនឹងទ្រហោយំនៅគ្រប់ទាំងផ្លូវធ្លា ហើយនៅគ្រប់ទាំងផ្លូវគេនឹងថា វរហើយ វរហើយ គេនឹងហៅពួកអ្នកស្រែចំការឲ្យមកសោយសោក ហើយពួកអ្នកដែលប្រសប់ទួញទំនួញ ឲ្យមកទ្រហោយំ
17. នៅគ្រប់ទាំងចំការទំពាំងបាយជូរ គេនឹងទ្រហោយំដែរ ដ្បិតអញនឹងដើរកាត់កណ្តាលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
18. វេទនាដល់ឯងរាល់គ្នា ដែលសង្វាតចង់បានថ្ងៃនៃព្រះយេហូវ៉ា តើចង់បានថ្ងៃនៃព្រះយេហូវ៉ាធ្វើអី ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ
19. ហាក់ដូចជាមនុស្សដែលរត់រួចពីសិង្ហ ហើយលោតែប្រទះនឹងខ្លាឃ្មុំ ឬដូចជាអ្នកណាដែលចូលទៅក្នុងផ្ទះ ច្រត់ដៃនៅជញ្ជាំង រួចមានពស់ចឹក