6. តើនឹងផ្លុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្តុកចិត្តបានឬ តើនឹងមានអន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ
7. ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង
8. រីឯសិង្ហបានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច ព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ តើមានអ្នកណានឹងទប់មិនទាយបានឬ។
9. ចូរប្រកាសប្រាប់នៅក្នុងដំណាក់ នៅក្រុងអាសដូឌហើយក្នុងដំណាក់នៅស្រុកអេស៊ីព្ទផងថា ចូរមូលគ្នាមកនៅលើអស់ទាំងភ្នំរបស់ស្រុកសាម៉ារី ពិចារណាមើលការកោលាហលយ៉ាងធំ និងការសង្កត់សង្កិន ដែលកើតមាននៅកណ្តាលស្រុកនោះចុះ
10. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកនូវសេចក្តីច្រឡោត និងការរឹបជាន់នៅក្នុងអស់ទាំងដំណាក់របស់គេ
11. ហេតុនោះបានជាព្រះអម្ចាស់ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នឹងមានខ្មាំងសត្រូវឡោមព័ទ្ធស្រុក វានឹងនាំឲ្យកំឡាំងឯងអន់ថយចុះ នោះអស់ទាំងដំណាក់របស់ឯងនឹងត្រូវរឹបជាន់វិញ