5. នៅកន្លែងដែលឥតមានដាក់ខ្សែរូត នោះសត្វហើរអាចនឹងធ្លាក់ទៅជាប់ក្នុងអន្ទាក់បានឬ តើអន្ទាក់នឹងវាត់ឡើងពីដី ឥតមានជាប់អ្វីឬទេ
6. តើនឹងផ្លុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្តុកចិត្តបានឬ តើនឹងមានអន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ
7. ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង
8. រីឯសិង្ហបានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច ព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ តើមានអ្នកណានឹងទប់មិនទាយបានឬ។
9. ចូរប្រកាសប្រាប់នៅក្នុងដំណាក់ នៅក្រុងអាសដូឌហើយក្នុងដំណាក់នៅស្រុកអេស៊ីព្ទផងថា ចូរមូលគ្នាមកនៅលើអស់ទាំងភ្នំរបស់ស្រុកសាម៉ារី ពិចារណាមើលការកោលាហលយ៉ាងធំ និងការសង្កត់សង្កិន ដែលកើតមាននៅកណ្តាលស្រុកនោះចុះ
10. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកនូវសេចក្តីច្រឡោត និងការរឹបជាន់នៅក្នុងអស់ទាំងដំណាក់របស់គេ
11. ហេតុនោះបានជាព្រះអម្ចាស់ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នឹងមានខ្មាំងសត្រូវឡោមព័ទ្ធស្រុក វានឹងនាំឲ្យកំឡាំងឯងអន់ថយចុះ នោះអស់ទាំងដំណាក់របស់ឯងនឹងត្រូវរឹបជាន់វិញ
12. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អ្នកគង្វាលដោះជើង២ និងត្រចៀក១កំណាត់ ចេញពីមាត់សិង្ហយ៉ាងណា នោះពួកកូនចៅអ៊ីស្រាអែលដែលអង្គុយនៅទីកៀនដំណេក ហើយលើខ្នើយកំណល់ធ្វើពីសូត្រ នៅក្នុងក្រុងសាម៉ារី នឹងបានដោះឲ្យរួចយ៉ាងនោះដែរ។
13. ព្រះអម្ចាស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ចូរស្តាប់ចុះ ហើយធ្វើបន្ទាល់ទាស់នឹងពួកវង្សយ៉ាកុប
14. ដ្បិតនៅថ្ងៃដែលអញទំលាក់អំពើរំលងរបស់អ៊ីស្រាអែលទៅលើគេវិញ នោះអញនឹងធ្វើទោសដល់អាសនានៃបេត-អែលទាំងប៉ុន្មានដែរ ស្នែងអាសនាទាំងនោះនឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី
15. អញនឹងវាយបំផ្លាញអស់ទាំងផ្ទះសំរាប់រដូវរងា និងផ្ទះសំរាប់រដូវក្តៅផង ឯដំណាក់ភ្លុកនឹងត្រូវវិនាសទៅ ហើយផ្ទះធំៗទាំងប៉ុន្មាន នឹងត្រូវសូន្យបាត់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។