អេម៉ុស 2:6-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​អ៊ីស្រា‌អែល អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​លក់​មនុស្ស​សុចរិត​ឲ្យ​បាន​ប្រាក់ ហើយ​មនុស្ស​កំសត់​ទុគ៌ត​ផង ឲ្យ​បាន​ស្បែក​ជើង​១​សំរាប់

7. សូម្បី​តែ​ធូលី​ដី​ដែល​នៅ​លើ​ក្បាល​មនុស្ស​កំសត់​ទុគ៌ត​នោះ គេ​ក៏​ដង្ហក់​ចង់​បាន​ដែរ ហើយ​គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​រាប​ទាប ឯ​ទាំង​កូន និង​ឪពុក​ក៏​ចូល​ទៅ​ឯ​ស្រី​ក្រមុំ​តែ​១ ជា​ការ​ដែល​បង្អាប់​ដល់​នាម​បរិសុទ្ធ​របស់​អញ

8. គេ​ក្រាល​សំលៀក‌បំពាក់ ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នៃ​គេ នោះ​គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក ដែល​ខ្លួន​បាន​ពិន័យ​លក់​ហើយ​ដែរ។

9. ប៉ុន្តែ​អញៗ​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​តាត្រៅ ហើយ​មាន​កំឡាំង ដូច​ដើម​ម៉ៃសាក់​ចេញ​ពី​មុខ​ឯង​ទៅ គឺ​អញ​បាន​បំផ្លាញ​ទាំង​ផល​គេ​ខាង​លើ និង​ឫស​គេ​នៅ​ខាង​ក្រោម​ផង

10. អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​នាំ​មុខ​ឯង នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ឲ្យ​បាន​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ

11. អញ​បាន​តាំង​ពួក​កូន​ចៅ​ខ្លះ​របស់​ឯង​រាល់​គ្នា​ឡើង​ធ្វើ​ជា​ហោរា និង​ពួក​កំឡោះ​ខ្លះ​របស់​ឯង​ធ្វើ​ជា​ពួក​ន៉ាសារីត ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ តើ​មិន​មែន​ដូច្នោះ​ឬ

12. ប៉ុន្តែ ឯង​រាល់​គ្នា​ឲ្យ​ពួក​ន៉ាសារីត​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​វិញ ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ឡើយ។

13. មើល អញ​នឹង​កិន​ឯង​រាល់​គ្នា នៅ​ទី​កន្លែង​របស់​ឯង ដូច​ជា​រទេះ​ដែល​ពេញ​ដោយ​កណ្តាប់​តែង​កិន​ដី​ដែរ

អេម៉ុស 2