10. ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់
11. ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស
12. ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ
13. ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល
14. ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង
15. ទាំងពាក់សេចក្តីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង
16. ថែមទាំងយកសេចក្តីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន
17. ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល
18. ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់
19. ហើយឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសំដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ
20. ដែលខ្ញុំជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អនោះឯង ដើម្បីឲ្យខ្ញុំមានសេចក្តីក្លាហានក្នុងដំណឹងល្អ ប្រយោជន៍ឲ្យខ្ញុំបាននិយាយ តាមដែលគួរគប្បី។
21. តែអ្នកទីឃីកុស ជាបងប្អូនស្ងួនភ្ងា ហើយជាអ្នកជំនួយស្មោះត្រង់ក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់គ្រប់ការទាំងអស់ ឲ្យអ្នករាល់គ្នាដឹងពីដំណើរខ្ញុំ ដែលខ្ញុំធ្វើអ្វីៗ
22. ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នា សំរាប់សេចក្តីនោះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងពីដំណើរយើងខ្ញុំ ហើយឲ្យគាត់បានកំឡាចិត្តអ្នករាល់គ្នាឡើងដែរ។
23. សូមឲ្យពួកបងប្អូនបានប្រកបដោយនូវសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងសេចក្តីជំនឿ អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ
24. សូមឲ្យព្រះគុណ បានសណ្ឋិតនៅជា១នឹងអស់អ្នកណា ដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដោយស្មោះត្រង់។ អាម៉ែន។:៚