4. ព្រមទាំងរឿងគួរខ្មាស ពាក្យសំដីចំកួត និងពាក្យកំប្លែង ដែលសេចក្តីទាំងនោះមិនគួរគប្បីដែរ ស៊ូពោលតែពាក្យសំរាប់អរព្រះគុណវិញ
5. ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ
6. កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនោះ បានជាសេចក្តីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស
7. ដូច្នេះ កុំឲ្យមានចំណែកជា១នឹងគេឡើយ
8. ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ
9. ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្តីសុចរិត និងសេចក្តីពិត
10. ចូរលមើលឲ្យដឹងសេចក្តីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ
11. កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ស៊ូបន្ទោសវិញ
12. ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសំងាត់ នោះបើគ្រាន់តែនិយាយពីការទាំងនោះ ក៏គួរខ្មាសទៅហើយ
13. តែការទាំងនោះបានសំដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសំដែងឲ្យឃើញទាំងអស់
14. ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»