7. ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្តីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ
8. ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ
9. ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន
10. ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។
11. ដូច្នេះ ចូរនឹកចាំថា កាលពីដើមអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលពួកទទួលកាត់ស្បែកក្នុងសាច់ ដោយដៃមនុស្ស គេហៅអ្នករាល់គ្នាជាពួកមិនកាត់ស្បែកវិញ
12. នៅវេលានោះ អ្នករាល់គ្នានៅទីទៃពីព្រះគ្រីស្ទ ក៏ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ
13. តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់
14. ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខណ្ឌកណ្តាលចេញ
15. ព្រមទាំងបំបាត់សេចក្តីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ត និងសេចក្តីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ
16. ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្តីសំអប់គ្នា ដោយឈើឆ្កាងនោះឯង
17. ហើយកាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្តីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់ពួកអ្នកដែលនៅជិតផង