1. សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឫទ័យព្រះ ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ
2. សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
3. សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់
4. តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់
5. ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់
6. ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់
7. ហើយយើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់
8. ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា និងដំរិះសព្វគ្រប់
9. ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់
10. សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង
11. ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរអាករក្នុងទ្រង់ដែរ ដោយទ្រង់បានដំរូវយើងទុកជាមុន តាមដំរិះសំរេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់
12. ប្រយោជន៍ឲ្យយើងខ្ញុំ ដែលបានទុកចិត្តជឿដល់ព្រះគ្រីស្ទជាមុន បានសំរាប់នឹងសរសើរដល់សេរីល្អទ្រង់