1. នេះជាការជាក់ស្តែងរបស់អូបាឌា។ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលពីដំណើរសាសន៍អេដំមដូច្នេះ យើងបានឮដំណឹងមកពីព្រះយេហូវ៉ា ហើយមានទូត១បានចាត់ឲ្យមកនៅកណ្តាលសាសន៍ទាំងប៉ុន្មានដោយពាក្យថា ចូរឯងរាល់គ្នាប្រុងប្រៀបឡើង យើងនឹងលើកគ្នាឡើងទៅច្បាំងនឹងគេ
2. មើល អញបានធ្វើឲ្យឯងជានគរយ៉ាងតូច នៅក្នុងពួកនគរទាំងប៉ុន្មាន គេមើលងាយឯងជាខ្លាំង
3. ម្នាលឯងដែលអាស្រ័យនៅក្នុងក្រហែងថ្ម ដែលមានទីលំនៅយ៉ាងខ្ពស់ ហើយក៏គិតក្នុងចិត្តថា តើអ្នកណាអាចនឹងនាំអញចុះដល់ដីបាន សេចក្តីអំនួតនៅក្នុងចិត្តឯង បានបញ្ឆោតឯងហើយ
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើឯងហើរឡើងទៅយ៉ាងខ្ពស់ ដូចជាឥន្ទ្រី ហើយធ្វើសំបុកឯងនៅកណ្តាលអស់ទាំងផ្កាយក៏ដោយ គង់តែអញនឹងនាំឯងចុះពីទីនោះមកដែរ។
5. បើសិនជាមានចោរមកលួចឯង បើពួកចោរមកប្លន់ឯង នៅពេលយប់ ឱម៉្លេះសមឯងនឹងត្រូវអន្តរាយយ៉ាងណាហ្ន៎ នោះតើគេមិនគ្រាន់តែលួចឲ្យល្មមតែស្កប់ចិត្តទេឬ បើពួកស៊ីឈ្នួលដោយបេះផ្លែទំពាំងបាយជូរ បានមកធ្វើការឲ្យឯង នោះតើគេមិនទុកផ្លែខ្លះឲ្យប្រឡេះតាមក្រោយទេឬ
6. ឱអេសាវត្រូវឆែកឆេរយ៉ាងណាហ្ន៎ គេបានរាវរកទ្រព្យសម្បត្តិលាក់ទុករបស់គេយ៉ាងណាហ្ន៎
7. គ្រប់អស់អ្នកដែលបានពួតដៃជាមួយនឹងឯង គេបានបណ្តេញឯង រហូតដល់ព្រំស្រុកហើយ ពួកមនុស្សដែលបានចងស្ពានមេត្រីនឹងឯង គេបានបញ្ឆោតឯង ក៏បានឈ្នះផង ពួកអ្នកដែលបរិភោគអាហាររបស់ឯង គេបានដាក់អន្ទាក់ចាប់ឯងហើយ ឯងក៏មិនបានយល់ដែរ
8. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ តើមិនត្រូវឲ្យអញបំផ្លាញពួកអ្នកប្រាជ្ញ ចេញពីស្រុកអេដំមបង់ ហើយទាំងយោបល់ពីស្រុកភ្នំរបស់អេសាវផងទេឬអី
9. ឯពួកមនុស្សខ្លាំងពូកែរបស់ឯង ឱថេម៉ានអើយ គេនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាបានកាត់ចេញពីស្រុកភ្នំរបស់អេសាវ ដោយការប្រហារជីវិតយ៉ាងសំបើម។
10. សេចក្តីអាម៉ាស់ខ្មាសនឹងគ្របលើឯង ឯងនឹងត្រូវកាត់ចេញជារៀងរាបដរាប ដោយព្រោះការច្រឡោតដែលឯងបានប្រព្រឹត្តនឹងពួកយ៉ាកុប ជាបងប្អូនឯង
11. នៅថ្ងៃនោះ ដែលឯងបានឈរមើល ក្នុងកាលដែលពួកអ្នកដទៃបានចាប់យកកំឡាំងរបស់គេទៅ ហើយមានសាសន៍ដទៃលុកចូលទៅក្នុងទ្វារក្រុងរបស់គេ បោះឆ្នោតចាប់យកក្រុងយេរូសាឡិម នោះឯងក៏ដូចជាពួកគេណាមួយដែរ
12. ប៉ុន្តែមិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ ក៏មិនត្រូវមានសំដីធំ នៅថ្ងៃទុក្ខលំបាករបស់គេដែរ
13. នៅថ្ងៃដែលរាស្ត្រអញត្រូវអន្តរាយ នោះមិនត្រូវឲ្យឯងលុកចូលទៅក្នុងទ្វារក្រុងរបស់គេទេ អើ កុំឲ្យគន់មើលសេចក្តីវេទនារបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយ ឬលូកដៃទៅពាល់ប៉ះនឹងទ្រព្យសម្បត្តិរបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយនោះឡើយ