អូបាឌា 1:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ការ​ជាក់​ស្តែង​របស់​អូបាឌា។ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សាសន៍​អេដំម​ដូច្នេះ យើង​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​មាន​ទូត​១​បាន​ចាត់​ឲ្យ​មក​នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន​ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​ប្រុង​ប្រៀប​ឡើង យើង​នឹង​លើក​គ្នា​ឡើង​ទៅ​ច្បាំង​នឹង​គេ

2. មើល អញ​បាន​ធ្វើ​ឲ្យ​ឯង​ជា​នគរ​យ៉ាង​តូច នៅ​ក្នុង​ពួក​នគរ​ទាំង​ប៉ុន្មាន គេ​មើល‌ងាយ​ឯង​ជា​ខ្លាំង

3. ម្នាល​ឯង​ដែល​អាស្រ័យ​នៅ​ក្នុង​ក្រហែង​ថ្ម ដែល​មាន​ទី​លំនៅ​យ៉ាង​ខ្ពស់ ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​អាច​នឹង​នាំ​អញ​ចុះ​ដល់​ដី​បាន សេចក្តី​អំនួត​នៅ​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ឯង​ហើយ

4. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​ឯង​ហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ជា​ឥន្ទ្រី ហើយ​ធ្វើ​សំបុក​ឯង​នៅ​កណ្តាល​អស់​ទាំង​ផ្កាយ​ក៏​ដោយ គង់​តែ​អញ​នឹង​នាំ​ឯង​ចុះ​ពី​ទី​នោះ​មក​ដែរ។

5. បើ​សិន​ជា​មាន​ចោរ​មក​លួច​ឯង បើ​ពួក​ចោរ​មក​ប្លន់​ឯង នៅ​ពេល​យប់ ឱ​ម៉្លេះ​សម​ឯង​នឹង​ត្រូវ​អន្តរាយ​យ៉ាង​ណា​ហ្ន៎ នោះ​តើ​គេ​មិន​គ្រាន់​តែ​លួច​ឲ្យ​ល្មម​តែ​ស្កប់​ចិត្ត​ទេ​ឬ បើ​ពួក​ស៊ី​ឈ្នួល​ដោយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ បាន​មក​ធ្វើ​ការ​ឲ្យ​ឯង នោះ​តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​ប្រឡេះ​តាម​ក្រោយ​ទេ​ឬ

6. ឱ​អេសាវ​ត្រូវ​ឆែក‌ឆេរ​យ៉ាង​ណា​ហ្ន៎ គេ​បាន​រាវ​រក​ទ្រព្យ​សម្បត្តិ​លាក់​ទុក​របស់​គេ​យ៉ាង​ណា​ហ្ន៎

7. គ្រប់​អស់​អ្នក​ដែល​បាន​ពួត‌ដៃ​ជា​មួយ​នឹង​ឯង គេ​បាន​បណ្តេញ​ឯង រហូត​ដល់​ព្រំ​ស្រុក​ហើយ ពួក​មនុស្ស​ដែល​បាន​ចង​ស្ពាន​មេត្រី​នឹង​ឯង គេ​បាន​បញ្ឆោត​ឯង ក៏​បាន​ឈ្នះ​ផង ពួក​អ្នក​ដែល​បរិភោគ​អាហារ​របស់​ឯង គេ​បាន​ដាក់​អន្ទាក់​ចាប់​ឯង​ហើយ ឯង​ក៏​មិន​បាន​យល់​ដែរ

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ តើ​មិន​ត្រូវ​ឲ្យ​អញ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ ចេញ​ពី​ស្រុក​អេដំម​បង់ ហើយ​ទាំង​យោបល់​ពី​ស្រុក​ភ្នំ​របស់​អេសាវ​ផង​ទេ​ឬ​អី

9. ឯ​ពួក​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង ឱ​ថេម៉ាន​អើយ គេ​នឹង​ត្រូវ​ស្រយុត​ចិត្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​កាត់​ចេញ​ពី​ស្រុក​ភ្នំ​របស់​អេសាវ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម។

10. សេចក្តី​អាម៉ាស់​ខ្មាស​នឹង​គ្រប​លើ​ឯង ឯង​នឹង​ត្រូវ​កាត់​ចេញ​ជា​រៀង‌រាប​ដរាប ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​ឯង​បាន​ប្រព្រឹត្ត​នឹង​ពួក​យ៉ាកុប ជា​បង​ប្អូន​ឯង

11. នៅ​ថ្ងៃ​នោះ ដែល​ឯង​បាន​ឈរ​មើល ក្នុង​កាល​ដែល​ពួក​អ្នក​ដទៃ​បាន​ចាប់​យក​កំឡាំង​របស់​គេ​ទៅ ហើយ​មាន​សាសន៍​ដទៃ​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ បោះ​ឆ្នោត​ចាប់​យក​ក្រុង​យេរូ‌សាឡិម នោះ​ឯង​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ

12. ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​នឹក​ឃើញ ពី​ថ្ងៃ​របស់​បង​ប្អូន​ឯង ជា​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ដោយ​មាន​ចិត្ត​រីក‌រាយ​ពី​ដំណើរ​ពួក​កូន​ចៅ​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ឡើយ ក៏​មិន​ត្រូវ​មាន​សំដី​ធំ នៅ​ថ្ងៃ​ទុក្ខ​លំបាក​របស់​គេ​ដែរ

អូបាឌា 1