16. ដ្បិតដែលមានសំបុត្រសញ្ញាចែកមរដក នោះត្រូវដល់ម្ចាស់សំបុត្រស្លាប់ទៅសិន ទើបចែកបាន
17. ពីព្រោះសំបុត្រសញ្ញានោះមានប្រយោជន៍តែកាលណាម្ចាស់បានស្លាប់ទៅហើយទេ កាលម្ចាស់កំពុងរស់នៅឡើយ នោះគ្មានអំណាចសោះ
18. ដូច្នេះ សេចក្ដីសញ្ញាចាស់ក៏មិនបានតាំងឡើង ដោយឥតឈាមដែរ
19. ពីព្រោះ កាលលោកម៉ូសេបានមានប្រសាសន៍ ប្រាប់ពីបញ្ញត្តទាំងប៉ុន្មាន តាមក្រឹត្យវិន័យ ដល់ប្រជាជនទាំងឡាយហើយ នោះលោកក៏យកឈាមកូនគោ និងឈាមពពែ ព្រមទាំងទឹក និងរោមចៀមជ្រលក់ក្រហម ហើយនឹងមែកហ៊ីសុប មកប្រោះលើគម្ពីរនោះឯង ព្រមទាំងលើប្រជាជនទាំងអស់ដែរ
20. ដោយមានប្រសាសន៍ថា «នេះជាឈាមនៃសញ្ញា ដែលព្រះទ្រង់បង្គាប់មកអ្នករាល់គ្នា»
21. លោកក៏ប្រោះឈាមទៅលើរោងឧបោសថ និងគ្រឿងប្រដាប់ដែលសំរាប់ការងារទាំងប៉ុន្មានបែបដូច្នោះដែរ
22. ហើយតាមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ។
23. ដូច្នេះ អស់ទាំងគំរូពីរបស់នៅស្ថានសួគ៌បានត្រូវសំអាត ដោយសាររបស់ទាំងនោះ តែរបស់នៅស្ថានសួគ៌វិញ នោះត្រូវសំអាតដោយយញ្ញបូជាប្រសើរជាងទៅទៀត
24. ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ ដំណាងយើងរាល់គ្នា
25. ក៏មិនមែននឹងថ្វាយព្រះអង្គទ្រង់ជាញឹកញយ ដូចជាសំដេចសង្ឃ ដែលចូលទៅក្នុងទីបរិសុទ្ធរាល់តែឆ្នាំ ទាំងយកឈាមដទៃនោះដែរ
26. ដ្បិតបើយ៉ាងដូច្នោះ នោះត្រូវឲ្យទ្រង់រងទុក្ខជាច្រើនដង តាំងពីកំណើតលោកីយ៍មក តែជាន់ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប នោះទ្រង់បានលេចមក១ដង ដើម្បីនឹងលើកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់វិញ ទុកជាយញ្ញបូជា
27. ហើយដោយព្រោះបានដំរូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្ដីជំនុំជំរះ
28. ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដងហើយ ដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។