ហេព្រើរ 9:15-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្ដី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ

16. ដ្បិត​ដែល​មាន​សំបុត្រ​សញ្ញា​ចែក​មរដក នោះ​ត្រូវ​ដល់​ម្ចាស់​សំបុត្រ​ស្លាប់​ទៅ​សិន ទើប​ចែក​បាន

17. ពី​ព្រោះ​សំបុត្រ​សញ្ញា​នោះ​មាន​ប្រយោជន៍​តែ​កាល​ណា​ម្ចាស់​បាន​ស្លាប់​ទៅ​ហើយ​ទេ កាល​ម្ចាស់​កំពុង​រស់​នៅ​ឡើយ នោះ​គ្មាន​អំណាច​សោះ

18. ដូច្នេះ សេចក្ដី​សញ្ញា​ចាស់​ក៏​មិន​បាន​តាំង​ឡើង ដោយ​ឥត​ឈាម​ដែរ

19. ពី​ព្រោះ កាល​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ ប្រាប់​ពី​បញ្ញត្ត​ទាំង​ប៉ុន្មាន តាម​ក្រឹត្យ‌វិន័យ ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ហើយ នោះ​លោក​ក៏​យក​ឈាម​កូន​គោ និង​ឈាម​ពពែ ព្រម​ទាំង​ទឹក និង​រោម​ចៀម​ជ្រលក់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ​នោះ​ឯង ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់​ដែរ

20. ដោយ​មាន​ប្រសាសន៍​ថា «នេះ​ជា​ឈាម​នៃ​សញ្ញា ដែល​ព្រះ​ទ្រង់​បង្គាប់​មក​អ្នក​រាល់​គ្នា»

21. លោក​ក៏​ប្រោះ​ឈាម​ទៅ​លើ​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ដែល​សំរាប់​ការ‌ងារ​ទាំង​ប៉ុន្មាន​បែប​ដូច្នោះ​ដែរ

22. ហើយ​តាម​ក្រឹត្យ‌វិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត ដោយ‌សារ​ឈាម បើ​គ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ។

23. ដូច្នេះ អស់​ទាំង​គំរូ​ពី​របស់​នៅ​ស្ថាន‌សួគ៌​បាន​ត្រូវ​សំអាត ដោយ‌សារ​របស់​ទាំង​នោះ តែ​របស់​នៅ​ស្ថាន‌សួគ៌​វិញ នោះ​ត្រូវ​សំអាត​ដោយ​យញ្ញ‌បូជា​ប្រសើរ​ជាង​ទៅ​ទៀត

24. ដ្បិត​ព្រះ‌គ្រីស្ទ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ ដែល​ជា​គំរូ​ពី​ទី​បរិសុទ្ធ​ពិត​នោះ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌​នោះ​ឯង ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​នៃ​ព្រះ ដំណាង​យើង​រាល់​គ្នា

25. ក៏​មិន​មែន​នឹង​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​ជា​ញឹក‌ញយ ដូច​ជា​សំដេច​សង្ឃ ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​រាល់​តែ​ឆ្នាំ ទាំង​យក​ឈាម​ដទៃ​នោះ​ដែរ

26. ដ្បិត​បើ​យ៉ាង​ដូច្នោះ នោះ​ត្រូវ​ឲ្យ​ទ្រង់​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​លោកីយ៍​មក តែ​ជាន់​ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប នោះ​ទ្រង់​បាន​លេច​មក​១​ដង ដើម្បី​នឹង​លើក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​វិញ ទុក​ជា​យញ្ញ‌បូជា

27. ហើយ​ដោយ​ព្រោះ​បាន​ដំរូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង រួច​សឹម​ជាប់​សេចក្ដី​ជំនុំ‌ជំរះ

28. ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​១​ដង​ហើយ ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់។

ហេព្រើរ 9