13. ដ្បិតបើសិនជាឈាមគោឈ្មោល និងឈាមពពែឈ្មោល ហើយផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ
14. ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត
15. ដោយហេតុនោះបានជាទ្រង់ជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលទ្រង់ហៅ បានទទួលសេចក្ដីសន្យា ទុកជាមរដកដ៏នៅអស់កល្បជានិច្ច ដោយទ្រង់សុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីការរំលង ដែលគេប្រព្រឹត្តពីកាលនៅក្រោមសញ្ញាចាស់នៅឡើយ
16. ដ្បិតដែលមានសំបុត្រសញ្ញាចែកមរដក នោះត្រូវដល់ម្ចាស់សំបុត្រស្លាប់ទៅសិន ទើបចែកបាន
17. ពីព្រោះសំបុត្រសញ្ញានោះមានប្រយោជន៍តែកាលណាម្ចាស់បានស្លាប់ទៅហើយទេ កាលម្ចាស់កំពុងរស់នៅឡើយ នោះគ្មានអំណាចសោះ
18. ដូច្នេះ សេចក្ដីសញ្ញាចាស់ក៏មិនបានតាំងឡើង ដោយឥតឈាមដែរ
19. ពីព្រោះ កាលលោកម៉ូសេបានមានប្រសាសន៍ ប្រាប់ពីបញ្ញត្តទាំងប៉ុន្មាន តាមក្រឹត្យវិន័យ ដល់ប្រជាជនទាំងឡាយហើយ នោះលោកក៏យកឈាមកូនគោ និងឈាមពពែ ព្រមទាំងទឹក និងរោមចៀមជ្រលក់ក្រហម ហើយនឹងមែកហ៊ីសុប មកប្រោះលើគម្ពីរនោះឯង ព្រមទាំងលើប្រជាជនទាំងអស់ដែរ