9. ហើយលោកលេវី ដែលទទួលដង្វាយ១ភាគក្នុង១០ នោះលោកឧបមាដូចជាបានថ្វាយ១ភាគក្នុង១០ដែរ ដោយសារលោកអ័ប្រាហាំ
10. ដ្បិតកាលលោកម៉ិលគីស្សាដែកបានទៅជួបនឹងលោកអ័ប្រាហាំ នោះលោកលេវីនៅជាពូជ ក្នុងខ្លួននៃឰយុកោលោកនៅឡើយ។
11. ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រឹត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអី
12. ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រឹត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ
13. ដ្បិតឯព្រះអង្គ ដែលគេបានទាយសេចក្ដីនេះពីទ្រង់ ទ្រង់កើតពីពូជអំបូរ១ទៀត ដែលគ្មានអ្នកណាមួយបានធ្វើការបំរើនៅអាសនាឡើយ
14. ដ្បិតច្បាស់ជាព្រះអម្ចាស់នៃយើង ទ្រង់បានកើតពីពូជអំបូរយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍ពីពូជអំបូរនោះ ខាងឯការងារជាសង្ឃឡើយ
15. សេចក្ដីនេះក៏រឹងរឹតតែច្បាស់ជាងទៅទៀត ដោយមានសង្ឃ១ផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក
16. សង្ឃនោះមិនបានតាំងឡើងតាមក្រឹត្យវិន័យ ដែលមានសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ គឺតាមព្រះចេស្តារបស់ជីវិតដ៏មិនចេះសូន្យឡើយនោះវិញ
17. ដ្បិតមានសេចក្ដីបន្ទាល់ពីទ្រង់ថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក»
18. ឯសេចក្ដីបញ្ញត្តដែលមានពីមុនមក នោះត្រូវលើកចោលវិញ ដោយព្រោះខ្សោយ ហើយឥតប្រយោជន៍
19. (ពីព្រោះក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ) ក៏មានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងបានចូលមកផង ដែលយើងរាល់គ្នានឹងចូលទៅជិតព្រះបាន ដោយសារសេចក្ដីសង្ឃឹមនោះ។
20. ពួកសង្ឃទាំងនោះ គេបានតាំងឲ្យមានងារ ដោយឥតមានសម្បថទេ
21. តែទ្រង់វិញ មានទាំងពាក្យសម្បថផង ដោយសារព្រះដែលមានព្រះបន្ទូលពីទ្រង់ថា «ព្រះអម្ចាស់ទ្រង់បានស្បថ ហើយមិនដែលផ្លាស់គំនិតឡើយថា ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក»
22. ហើយដោយព្រោះការងារនោះ ដែលមិនមែនឥតពាក្យសម្បថដូច្នោះ បានជាព្រះយេស៊ូវទ្រង់ជាអ្នកធានា ពីសេចក្ដីសញ្ញា១ដ៏ប្រសើរជាង
23. មួយទៀត ពួកសង្ឃទាំងនោះមានគ្នាជាច្រើន ពីព្រោះគេតែងតែស្លាប់ មិននៅជាប់ស្ថិតស្ថេរទេ