6. តែលោកម៉ិលគីស្សាដែកនេះ ដែលមិនបានរាប់ជាវង្សាគេទេ នោះបានទទួល១ភាគក្នុង១០ ពីលោកអ័ប្រាហាំវិញ ហើយក៏ឲ្យពរដល់លោកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មានផង
7. ហើយច្បាប់នេះដែលថា គឺអ្នកធំតែងឲ្យពរដល់អ្នកតូច នោះប្រកែកមិនបានឡើយ
8. រីឯនៅទីនេះ មនុស្សដែលតែងតែស្លាប់ គេទទួល១ភាគក្នុង១០ តែនៅទីនោះមានសេចក្ដីបន្ទាល់ថា លោកនេះរស់នៅ
9. ហើយលោកលេវី ដែលទទួលដង្វាយ១ភាគក្នុង១០ នោះលោកឧបមាដូចជាបានថ្វាយ១ភាគក្នុង១០ដែរ ដោយសារលោកអ័ប្រាហាំ
10. ដ្បិតកាលលោកម៉ិលគីស្សាដែកបានទៅជួបនឹងលោកអ័ប្រាហាំ នោះលោកលេវីនៅជាពូជ ក្នុងខ្លួននៃឰយុកោលោកនៅឡើយ។
11. ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រឹត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអី
12. ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រឹត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ
13. ដ្បិតឯព្រះអង្គ ដែលគេបានទាយសេចក្ដីនេះពីទ្រង់ ទ្រង់កើតពីពូជអំបូរ១ទៀត ដែលគ្មានអ្នកណាមួយបានធ្វើការបំរើនៅអាសនាឡើយ
14. ដ្បិតច្បាស់ជាព្រះអម្ចាស់នៃយើង ទ្រង់បានកើតពីពូជអំបូរយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍ពីពូជអំបូរនោះ ខាងឯការងារជាសង្ឃឡើយ
15. សេចក្ដីនេះក៏រឹងរឹតតែច្បាស់ជាងទៅទៀត ដោយមានសង្ឃ១ផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក
16. សង្ឃនោះមិនបានតាំងឡើងតាមក្រឹត្យវិន័យ ដែលមានសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ គឺតាមព្រះចេស្តារបស់ជីវិតដ៏មិនចេះសូន្យឡើយនោះវិញ
17. ដ្បិតមានសេចក្ដីបន្ទាល់ពីទ្រង់ថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក»
18. ឯសេចក្ដីបញ្ញត្តដែលមានពីមុនមក នោះត្រូវលើកចោលវិញ ដោយព្រោះខ្សោយ ហើយឥតប្រយោជន៍
19. (ពីព្រោះក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ) ក៏មានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងបានចូលមកផង ដែលយើងរាល់គ្នានឹងចូលទៅជិតព្រះបាន ដោយសារសេចក្ដីសង្ឃឹមនោះ។