1. រីឯលោកម៉ិលគីស្សាដែក ស្តេចក្រុងសាឡិម ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនេះ ដែលបានទៅជួបនឹងលោកអ័ប្រាហាំ ក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្តេចវិញ ក៏បានប្រទានពរដល់លោក
2. ហើយលោកអ័ប្រាហាំបានយក១ភាគក្នុង១០ ពីរបស់ទាំងអស់ជូនលោក នាមស្តេចនោះ ដើមដំបូងស្រាយថា ស្តេចនៃសេចក្ដីសុចរិត រួចមកជាស្តេចក្រុងសាឡិម គឺថា ជាស្តេចនៃសេចក្ដីសុខសាន្ត
3. លោកគ្មានមាតាបិតា គ្មានពង្សាវតារទេ ក៏គ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់ដែរ លោកមានភាពដូចជាព្រះរាជបុត្រានៃព្រះ ក៏នៅជាសង្ឃជារៀងរាបដរាបតទៅ
4. ចូរពិចារណាពីលោកនោះ ដែលជាធំដល់ម៉្លេះ បានជាលោកអ័ប្រាហាំ ជាឰយុកោ បានជូនរបឹប១ភាគក្នុង១០ផង
5. រីឯខាងឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបង្គាប់តាមក្រឹត្យវិន័យ ឲ្យហូតយក១ភាគក្នុង១០ពីប្រជាជនដែរ គឺពីពួកបងប្អូនគេទាំងប៉ុន្មាន ទោះបើពួកនោះកើតអំពីពូជពង្សលោកអ័ប្រាហាំក៏ដោយ
6. តែលោកម៉ិលគីស្សាដែកនេះ ដែលមិនបានរាប់ជាវង្សាគេទេ នោះបានទទួល១ភាគក្នុង១០ ពីលោកអ័ប្រាហាំវិញ ហើយក៏ឲ្យពរដល់លោកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មានផង
7. ហើយច្បាប់នេះដែលថា គឺអ្នកធំតែងឲ្យពរដល់អ្នកតូច នោះប្រកែកមិនបានឡើយ
8. រីឯនៅទីនេះ មនុស្សដែលតែងតែស្លាប់ គេទទួល១ភាគក្នុង១០ តែនៅទីនោះមានសេចក្ដីបន្ទាល់ថា លោកនេះរស់នៅ
9. ហើយលោកលេវី ដែលទទួលដង្វាយ១ភាគក្នុង១០ នោះលោកឧបមាដូចជាបានថ្វាយ១ភាគក្នុង១០ដែរ ដោយសារលោកអ័ប្រាហាំ
10. ដ្បិតកាលលោកម៉ិលគីស្សាដែកបានទៅជួបនឹងលោកអ័ប្រាហាំ នោះលោកលេវីនៅជាពូជ ក្នុងខ្លួននៃឰយុកោលោកនៅឡើយ។
11. ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រឹត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអី
12. ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រឹត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ