2. ហើយនឹងសេចក្ដីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្ដីរស់ពីស្លាប់ឡើងវិញ និងសេចក្ដីជំនុំជំរះកាត់ទោសដល់អស់កល្បជានិច្ចនោះឡើយ
3. បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យ នោះយើងរាល់គ្នានឹងធ្វើការនោះឯង
4. ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ
5. ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ និងការឫទ្ធិបារមីរបស់បរលោកនាយ
6. រួចធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផង
7. ដ្បិតដីណាបានបៀមទឹកភ្លៀង ដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ
8. តែដីណាដែលបង្កើតសុទ្ធតែបន្លា និងអញ្ចាញវិញ ដីនោះត្រូវបោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោលផង។
9. ពួកស្ងួនភ្ងាអើយ ទោះបើយើងខ្ញុំនិយាយដូច្នេះក៏ដោយ គង់តែយើងខ្ញុំទុកចិត្តខាងឯអ្នករាល់គ្នាថា បានសេចក្ដីប្រសើរជាង គឺជាសេចក្ដីដែលត្រូវខាងសេចក្ដីសង្គ្រោះវិញ
10. ដ្បិតព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ
11. តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានីមួយៗ បានសំដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យបានសេចក្ដីជំនឿដ៏ពេញលេញរបស់សេចក្ដីសង្ឃឹម ដរាបដល់ចុងបំផុត