ហេព្រើរ 4:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ហើយ​នៅ​កន្លែង​នេះ​ទៀត​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក របស់​អញ​សោះ​ឡើយ»

6. ដូច្នេះ ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ហើយ​ពួក​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម គេ​មិន​បាន​ចូល​ទេ ដោយ​ព្រោះ​មិន​ជឿ

7. នោះ​បាន​ជា​ទ្រង់​ដាក់​កំណត់​ថ្ងៃ​១​ទៀត​ថា «នៅ​ថ្ងៃ​នេះ»ដូច្នេះ​វិញ ទាំង​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ហ្លួង​ដាវីឌ​ជា​យូរ​ក្រោយ​មក តាម​ពាក្យ​អម្បាញ់‌មិញ ដែល​ថា«នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ»

8. បើ​សិន​ជា​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​ឈប់​សំរាក នោះ​ក្រោយ​មក ទ្រង់​មិន​មាន​ព្រះ‌បន្ទូល​ពី​ថ្ងៃ​១​ទៀត​ទេ

9. ដូច្នេះ មាន​សេចក្ដី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ

10. ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្តទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់ ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ

11. ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សង្វាត​នឹង​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ

12. ពី​ព្រោះ ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ

13. គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់។

14. ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន‌សួគ៌ គឺ​ព្រះ‌យេស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ

15. ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត‌អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ

16. ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។

ហេព្រើរ 4