ហេព្រើរ 13:7-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង

8. ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប‌ជានិច្ច​ត​ទៅ

9. ដូច្នេះ កុំ​ឲ្យ​បណ្តែត​បណ្តោយ​តាម​សេចក្ដី​បង្រៀន​ប្លែកៗ​ឡើយ ដ្បិត​គួរ​ឲ្យ​ចិត្ត​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន ដោយ​ព្រះ‌គុណ មិន​មែន​ដោយ​ចំណី​អាហារ​ទេ ដែល​ពួក​អ្នក​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ មិន​បាន​ប្រយោជន៍​អ្វី​ពី​នោះ​មក​ឡើយ

10. យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ

11. ដ្បិត​ឯ​សត្វ​ទាំង​ប៉ុន្មាន ដែល​សំដេច​សង្ឃ​នាំ​យក​ឈាម ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​ព្រោះ​បាប នោះ​ត្រូវ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ

12. ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​ក៏​បាន​រង​ទុក្ខ នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ដែរ ដើម្បី​នឹង​ញែក​ប្រជា‌ជន​ឲ្យ​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់

13. ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ចេញ​ទៅ​ឯ​ទ្រង់ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដែរ ទាំង​ផ្ទុក​សេចក្ដី​ដំនៀល​របស់​ទ្រង់​ចុះ

14. ដ្បិត​នៅ​ស្ថាន​នេះ យើង​រាល់​គ្នា​គ្មាន​ទី​ក្រុង​ណា ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ទេ តែ​យើង​កំពុង​តែ​ស្វែង​រក​ក្រុង​នោះ​ដែល​ត្រូវ​មក

15. ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយ‌សារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់

16. កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ។

ហេព្រើរ 13