ហេព្រើរ 13:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជានិច្ច

2. កុំ​ឲ្យ​ភ្លេច​សេចក្ដី​ចៅ‌រ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្ដី​នោះ​ឯង

3. ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​ជាប់​គុក ទុក​ដូច​ជា​ជាប់​ចំណង​ជា​មួយ​គ្នា ហើយ​ពី​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ផង ដ្បិត​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​រូប‌កាយ​ដែរ។

4. ការ​វិវាហ‌មង្គល​ជា​ការ​ប្រសើរ​ដល់​គ្រប់​គ្នា ហើយ​ដែល​រួម​ដំណេក នោះ​ក៏​ជា​ការ​ឥត​សៅ‌ហ្មងដែរ តែ​ព្រះ​ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្ស​កំផិត ហើយ​នឹង​មនុស្ស​សហាយ‌ស្មន់​គ្នា​វិញ។

5. ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ ដ្បិត​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»

6. បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា «ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន»។

7. ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង

8. ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប‌ជានិច្ច​ត​ទៅ

9. ដូច្នេះ កុំ​ឲ្យ​បណ្តែត​បណ្តោយ​តាម​សេចក្ដី​បង្រៀន​ប្លែកៗ​ឡើយ ដ្បិត​គួរ​ឲ្យ​ចិត្ត​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន ដោយ​ព្រះ‌គុណ មិន​មែន​ដោយ​ចំណី​អាហារ​ទេ ដែល​ពួក​អ្នក​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ មិន​បាន​ប្រយោជន៍​អ្វី​ពី​នោះ​មក​ឡើយ

10. យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ

11. ដ្បិត​ឯ​សត្វ​ទាំង​ប៉ុន្មាន ដែល​សំដេច​សង្ឃ​នាំ​យក​ឈាម ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​ព្រោះ​បាប នោះ​ត្រូវ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ

ហេព្រើរ 13